ក្រុមហ៊ុនបច្ចេកវិទ្យា Google ទើបតែបញ្ចេញនូវ patch សុវត្ថិភាពសម្រាប់ខែឧសភានេះសម្រាប់ Android ដែលមានការជួសជុលទៅលើភាពងាយរងគ្រោះនៅក្នុង Linux kernel ។ ភាពងាយរងគ្រោះនេះមានលេខកូដ CVE-2021-22600 ដែលអនុញ្ញាតអោយហេគឃ័រអាចធ្វើការកេងប្រវ័ញ្ចបាន។
ក្រុមអ្នកស្រាវជ្រាវជាច្រើនរបស់ក្រុមហ៊ុន Google បង្ហាញថា ភាពងាយរងគ្រោះនៅក្នុង Linux kernel នេះកើតឡើងតាំងពីខែមករា ហើយពួកគេក៏ប្រាប់ទៅកាន់ក្រុមហ៊ុន Linux អោយធ្វើការជួសជុលផងដែរ។ យ៉ាងណាមិញ វាចំណាយពេលជាច្រើនខែសម្រាប់ការជួសជុលទៅលើភាពងាយរងគ្រោះនេះនៅក្នុង Android OS របស់ក្រុមហ៊ុន Google ផងដែរ។
នៅក្នុងខែមេសា CISA បង្ហាញថា ភាពងាយរងគ្រោះនេះបានរងនូវការវាយប្រហារជាច្រើន ហើយវាក៏ត្រូវបានដាក់នៅក្នុងក្រុម ‘Known Exploited Vulnerabilities Catalog’ ផងដែរ។ នៅក្នុងខែឧសភានេះ ក្រុមហ៊ុន Google បញ្ជាក់ថា លេខកូដ CVE-2021-22600 គឺស្ថិតនៅក្នុងគោលដៅនៃការវាយប្រហារយ៉ាងសកម្ម។ វានៅមិនទាន់ច្បាស់អំពីទំហំនៃការវាយប្រហារនោះទេ ប៉ុន្តែហេគឃ័រអាចធ្វើការប្រតិបត្តិកូដពីចម្ងាយទៅលើប្រព័ន្ធ networks តាមរយៈការកេងប្រវ័ញ្ចទៅលើភាពរងគ្រោះរបស់ Linux systems នេះ៕