អតីតបុគ្គលិក Twitter មានទោសពីបទធ្វើចារកម្មទៅឲ្យអារ៉ាប៊ីសាអូឌីត

0

អតីតបុគ្គលិក Twitter ត្រូវបានប្រកាសថាមានទោសចំពោះតួនាទីរបស់គាត់ក្នុងការជីកកកាយព័ត៌មានឯកជនដែលទាក់ទងនឹងអ្នកប្រើប្រាស់ Twitter មួយចំនួន ហើយបង្វែរទិន្នន័យនោះទៅអារ៉ាប៊ីសាអូឌីត។

លោក Ahmad Abouammo អាយុ 44 ឆ្នាំត្រូវបានកាត់ទោសដោយគណៈវិនិច្ឆ័យបន្ទាប់ពីការកាត់ក្តីរយៈពេលពីរសប្តាហ៍នៅក្នុងតុលាការសហព័ន្ធ San Francisco នេះបើយោងតាម Bloomberg បានរាយការណ៍កាលពីថ្ងៃអង្គារ។ គាត់​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់​២០​ឆ្នាំ​។

សាលក្រមនេះកើតឡើងជិតបីឆ្នាំបន្ទាប់ពី Abouammo រួមជាមួយនឹង Ali Alzabarah និង Ahmed Almutairi (Ahmed Aljbreen) ត្រូវបានចោទប្រកាន់ក្នុងឆ្នាំ 2019 ពីបទដើរតួជា “ភ្នាក់ងារខុសច្បាប់” របស់អារ៉ាប៊ីសាអូឌីត ដោយត្រូវបានចោទប្រកាន់ពីបទបំផ្លាញ កែប្រែ និងក្លែងបន្លំកំណត់ត្រានៅក្នុងការស៊ើបអង្កេត។
រដ្ឋអាជ្ញាបានចោទប្រកាន់ Abouammo និង Alzabarah ដែលទាំងពីរនាក់បានចូលធ្វើការឲ្យ Twitter ក្នុងឆ្នាំ 2013 សម្រាប់ការលាក់បាំងអ្នករិះគន់ អារ៉ាប៊ីសាអូឌីត នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម។

យោងតាមឯកសាររបស់តុលាការ បុគ្គលទាំងពីរបានប្រើប្រាស់សិទ្ធិចូលដំណើរការរបស់ពួកគេទៅកាន់ប្រព័ន្ធផ្ទៃក្នុង​ ដើម្បីយកព័ត៌មានឯកជន ដោយគ្មានការអនុញ្ញាតពីអ្នកប្រើប្រាស់គណនី ដែលបានរិះគន់លើអារ៉ាប៊ីសាអូឌីត ។

ព័ត៌មាននេះរួមបញ្ចូលអាសយដ្ឋានអ៊ីមែល លេខទូរស័ព្ទ អាសយដ្ឋាន IP និងថ្ងៃខែឆ្នាំកំណើត បន្ទាប់មកត្រូវបានប្រគល់ទៅឱ្យមន្ត្រីអារ៉ាប៊ីសាអូឌីតជាថ្នូរដោយ Abouammo ទទួលបានសាច់ប្រាក់ចំនួន $300,000 និងនាឡិកា Hublot Unico Big Bang King Gold Ceramic ដែលមានតម្លៃ $40,000 ។

ភ្នាក់ងារពិសេសរបស់ FBI លោក John F. Bennett បាននិយាយនៅពេលនោះថា “បុគ្គលទាំងនេះត្រូវបានចោទប្រកាន់ពីបទកំណត់គោលដៅ និងយកទិន្នន័យឯកជនពីអ្នកប្រឆាំង និងអ្នករិះគន់ដែលគេស្គាល់ ក្រោមការដឹកនាំ និងការគ្រប់គ្រងរបស់រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត” ។

ប្រភព ថ្ងៃទី១១ ខែ០៨ ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here