ក្រុមហ៊ុន Meta ផ្អាកផ្តល់រង្វាន់លើមុខងារ Reels Bonus សម្រាប់ក្រុមអ្នកបង្កើតមាតិកា

0

ក្រុមហ៊ុន Meta ហាក់បីដូចជាកំពុងផ្អាកលើគោលការណ៍ដ៏សំខាន់មួយដែលជួយដល់អ្នកបង្កើតវីដេអូ Reels នៅលើកម្មវិធីបណ្តាញសង្គម Facebook និង Instagram ឱ្យអាចរកចំណូល។ បើយោងតាមរបាយការណ៍ចេញពីសារព័ត៌មាន Insider ឱ្យដឹងថា ក្រុមហ៊ុន Meta កំពុងផ្អាកលើកម្មវិធីទទួលប្រាក់ Play Bonus។

កម្មវិធីនេះ ត្រូវប្រកាសដាក់ឱ្យប្រើប្រាស់ដំបូងកាលពីខែធ្នូ ឆ្នាំ2021 ដែលផ្តល់ជូនអ្នកបង្កើតមាតិកានូវការទូទាត់ប្រចាំខែ បើសិនជាវីដេអូ Reels របស់ពួកគេ មានចំនួនអ្នកមើល ឬអ្នកចូលចិត្តច្រើនស្របទៅតាមគោលការណ៍របស់ក្រុមហ៊ុន។ ការលើកទឹកចិត្តដែលសន្យាដល់អ្នកផលិតមាតិកាដែលទទួលការគាំទ្រខ្លាំងជាងគេអាចរកចំណូលរហូតដល់ទៅ $35,000 ក្នុងមួយខែ គឺជាផ្នែកមួយនៃការខិតខំប្រឹងប្រែងរបស់ក្រុម Meta ដើម្បីផ្តល់ប្រាក់ទៅឱ្យអ្នកបង្កើតមាតិការ ដោយសារតែក្រុមហ៊ុនព្យាយាមកែច្នៃឱ្យវីដេអូ Reels អាចប្រកួតប្រជែងជាមួយនឹងកម្មវិធី TikTok ។

បើយោងតាមសេចក្តីថ្លែងការណ៍ដែលផ្តល់ឱ្យដោយសារព័ត៌មាន Insider ឱ្យដឹងថា ក្រុមហ៊ុន Meta និយាយថា “ក្រុមហ៊ុនកំពុងវិវត្តកម្មវិធី និងមិនបន្តពង្រីកបន្ថែម និងបង្កើតកិច្ចព្រមព្រៀង Reels Play ថ្មីសម្រាប់អ្នកបង្កើតមាតិកាលើ Facebook និងសម្រាប់អ្នកបង្កើតមាតិកានៅក្នុងសហរដ្ឋអាមេរិកនៅលើកម្មវិធី Instagram”ក្រុមហ៊ុន Meta បញ្ជាក់ថា “ក្រុមហ៊ុននឹងផ្តល់ជូនអ្នកផលិតមាតិកានូវរបៀបរកចំណូលថ្មី បើសិនជា Reels ចូលទៅដល់ទីផ្សារថ្មី។

ដូចអ្វីដែលសារព័ត៌មាន Insider ធ្លាប់លើកឡើង ក្រុមហ៊ុន Meta កំពុងសាកល្បងការបង់ប្រាក់ទៅឱ្យអ្នកបង្កើត ខណៈពេលដែលក្រុមហ៊ុនកំពុងពង្រីកការផ្សព្វផ្សាយពាណិជ្ជកម្មលើមុខងារវីដេអូ Reels ដែលនឹងអាចអនុញ្ញាតឱ្យក្រុមហ៊ុនចែករំលែកប្រាក់ចំណូលកាន់តែច្រើនទៅកាន់អ្នកផលិតមាតិកា។ លោក Tom Alison ដែលជាប្រធានកម្មវិធី Facebook នៅក្នុងក្រុមហ៊ុន Meta និយាយអំពីការផ្លាស់ប្តូរកាលពីដើមសប្តាហ៍នេះតាមរយៈការបង្ហោះសារលើប្លុកថា “ក្រុមហ៊ុននឹងបន្តពង្រីកការផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុននៅលើមុខងារសាកល្បង Facebook Reels ដើម្បីជួយអ្នកបង្កើតមាតិកាកាន់ច្រើនក្នុងការរកប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មលើវីដេអូ Reels របស់ពួកគេ និងទទួលអំណោយនិម្មិតតាមរយៈ Stars on Reels”

បើទោះបីជាលោកមិនបញ្ជាក់ពីពេលវេលាច្បាស់លាស់ ប៉ុន្តែយើងសម្គាល់លើពាក្យ “កំពុងធ្វើតេស្ត” ដែលលោក Tom Alison សរសេរក្នុងប្លុករបស់លោក ដែលអាចមានន័យថា ក្រុមហ៊ុន Meta កំពុងផ្អាកការទូទាត់ទៅឱ្យអ្នកបង្កើតមាតិកាលើ Reels ដើម្បីក្រុមហ៊ុនអាចនាំយករបៀបដែលអ្នកបង្កើតមាតិកាអាចរកចំណូលឡើងវិញនៅក្នុងពេលឆាប់ៗខាងមុខនេះ៕

ប្រភពព័ត៌មាន៖ Engadget ចុះផ្សាយថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here