ក្រុមហ៊ុនសន្តិសុខសាយប័រ និងកម្មវិធីកម្ចាត់មេរោគរុស្ស៊ី Kaspersky Lab ត្រៀមខ្លួនបិទទ្វារនៅសហរដ្ឋនៅថ្ងៃទី២០ ខែកក្កដា ខាងមុខនេះ។ នៅក្នុងបទសម្ភាសន៍ជាមួយនឹងសារព័ត៌មាន BleepingComputer ក្រុមហ៊ុនបានបញ្ជាក់ថា ខ្លួននឹងបញ្ឈប់បុគ្គលិកក្រុមហ៊ុនទាំងអស់ដែលបម្រើការងារនៅអាមេរិក។ អ្នកកាសែតសន្តិសុខសាយប័រឯករាជ្យ Kim Zetter បានរាយការណ៍ថា រឿងនេះនឹងប៉ះពាល់ដល់បុគ្គលិកមិនតិចជាង ៥០នាក់ទេនៅសហរដ្ឋអាមេរិក។ ហេតុការណ៍នេះកើតឡើងបន្ទាប់ពីការិយាល័យគ្រប់គ្រងទ្រព្យសកម្មបរទេសរបស់រតនាគារអាមេរិក (OFAC) បានដាក់ទណ្ឌកម្មលើនាយកប្រតិបត្តិក្រុមហ៊ុន Kaspersky Lab ចំនួន ១២រូប កាលពីថ្ងៃទី២១ ខែមិថុនា ពីបទពាក់ព័ន្ធនឹងប្រតិបត្តិការក្នុងវិស័យបច្ចេកវិទ្យារុស្ស៊ី និងត្រូវបានបង្កកទ្រព្យសម្បត្តិ រហូតដល់ទណ្ឌកម្មត្រូវបានលើកលែង។
ក្រសួងពាណិជ្ជកម្មក៏បានដាក់បញ្ចូលសាខាក្រុមហ៊ុន AO Kaspersky Lab, OOO Kaspersky Group (Russia) និង Kaspersky Labs Limited (ចក្រភពអង់គ្លេស) ទៅក្នុងបញ្ជីហាមមិនឱ្យធ្វើអាជីវកម្មជាមួយអាមេរិក។ បើយោងតាមការិយាល័យឧស្សាហកម្ម និងសន្តិសុខបានឱ្យដឹងថា ការកំណត់ចុងក្រោយ និងការចុះបញ្ជីនៅថ្ងៃនេះកើតចេញពីការស៊ើបអង្កេតដ៏វែងឆ្ងាយ និងហ្មត់ចត់ ដែលបានរកឃើញថា ប្រតិបត្តិការរបស់ក្រុមហ៊ុននៅអាមេរិកបង្ហាញពីហានិភ័យដល់សន្តិសុខជាតិ ដោយសារតែសមត្ថភាពនិងលទ្ធភាពសាយប័ររបស់រដ្ឋាភិបាលរុស្ស៊ីអាចប៉ះពាល់ដោយផ្ទាល់ទៅដល់ប្រតិបត្តិការរបស់ក្រុមហ៊ុន Kaspersky ដែលមិនអាចដោះស្រាយបានតាមរយៈវិធានការកាត់បន្ថយ។ បុគ្គល ឬអាជីវកម្មដែលបន្តប្រើផលិតផល និងសេវា Kaspersky សន្មតថាពុំមានសុវត្ថិភាព និងមានគ្រោះថ្នាក់។ ការិយាល័យឧស្សាហកម្ម និងសន្តិសុខរបស់ក្រសួងពាណិជ្ជកម្ម (BIS) ក៏បានហាមឃាត់ក្រុមហ៊ុមមិនឱ្យលក់ Software និងធ្វើនូវបច្ចុប្បន្នភាពកម្មវិធីកម្ចាត់មេរោគ Kaspersky ទៀតទេចាប់ពីចុងខែកញ្ញា ដោយសារតែមានការព្រួយបារម្ភពីបញ្ហាសុវត្ថិភាពសាយប័រ។
ក្រុមហ៊ុន Kaspersky បានប្រាប់ BleepingComputer កាលពីថ្ងៃចន្ទ ថាខ្លួនបានបិទអាជីវកម្មទាំងស្រុងនៅសហរដ្ឋអាមេរិក ដោយសារតែការសម្រេចចិត្តរបស់រដ្ឋបាលលោក Biden លើប្រតិបត្តិការនេះ។ ចាប់ពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ក្រុមហ៊ុន Kaspersky នឹងបញ្ចប់កិច្ចសហប្រតិបត្តិការ និងលុបចោលទាំងស្រុងចំពោះទីតាំងក្រុមហ៊ុននៅអាមេរិក។ ការសម្រេចចិត្ត និងដំណើរការផ្អែកទៅលើការសម្រេចចុងក្រោយរបស់ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក ដែលបានហាមឃាត់ការលក់ និងការចែកចាយផលិតផល Kaspersky នៅអាមេរិក។ ក្រុមហ៊ុនត្រូវបានស៊ើបអង្កេត និងវាយតម្លៃយ៉ាងហ្មត់ចត់ពីផលប៉ះពាល់នៃតម្រូវការស្របច្បាប់របស់អាមេរិក និងធ្វើការសម្រេចចិត្តដ៏លំបាក និងក្រៀមក្រំបំផុត ខណៈពេលដែលឱកាសអាជីវកម្មនៅក្នុងប្រទេសអាមេរិកមិនអាចដំណើរការបន្តទៀតបាន៕
ប្រភពព័ត៌មាន៖ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤