ប្រព័ន្ធតុលាការនៅរដ្ឋ Washington ត្រូវបានបន្ថយល្បឿន (Slow down) តាំងពីថ្ងៃអាទិត្រ នៅពេលប្រភពផ្លូវការបានថ្លែងថា “សកម្មភាពគ្មានការអនុញ្ញាត” ត្រូវបានរកឃើញនៅលើបណ្តាញណិតវើក។ការដាច់ប្រព័ន្ធទិន្នន័យប៉ះពាល់ដល់ប្រព័ន្ធព័ត៌មានយុត្តិធម៌ គេហទំព័រ និងសេវាដែលពាក់ព័ន្ធនឹង តុលាការរដ្ឋ Washington។ យោងតាមសេចក្តីថ្លែងការណ៍ពីតុលាការរដ្ឋដែលរងផលប៉ះពាល់បានឱ្យដឹងថា ការិយាល័យរដ្ឋបាលរបស់តុលាការ (AOC) បានចេញវិធានការភ្លាមបន្ទាប់ពីរកឃើញឧប្បត្តិហេតុនៅលើប្រព័ន្ធតុលាការដ៏សំខាន់ និងបច្ចុប្បន្នកំពុងតែដោះស្រាយបញ្ហាឱ្យត្រលប់មកដំណើរការវិញ។
នៅក្នុងការព្រមានជាច្រើន ប្រព័ន្ធតុលាការរដ្ឋត្រូវបានកាត់ផ្តាច់ ដើម្បីរក្សានូវសុវត្ថិភាព និងក្រុមការងារជាមួយនឹងអ្នកជំនាញកំពុងតែស្តារសេវាឡើងវិញយ៉ាងឆាប់រហ័ស បើយោងតាមសំដីនាយករង AOC ។ ខណៈពេលដែលតុលាការក្រុង និងស្រុកដូចជានៅ Bainbridge Island, Monroe, Puyallup, Milton និង Thurston County កំពុងតែដំណើរសេវាកម្មក្នុងកម្រិតកំណត់ ការិយាល័យក្រឡាបញ្ជីតុលាការជាន់ខ្ពស់របស់ក្រុង Pierce County ក៏កំពុងតែស្តារសេវាកម្មរបស់ខ្លួន ហើយបានប្រកាសថា ដំណើរការអនឡាញនៅតែអាចដំណើរការ បើទោះជាមានផលប៉ះពាល់ដល់ប្រព័ន្ធ និងប្រតិបត្តិការមានកម្រិតក្តី។ការិយាល័យក្រឡាបញ្ជីតុលាការជាន់ខ្ពស់របស់ក្រុង Pierce County កំពុងតែប្រឈមនឹងការរំខានដោយសារតែមានសកម្មភាពដែលគ្មានការអនុញ្ញាតត្រូវបានរកឃើញនៅលើបណ្តាញណិតវើកតុលាការរដ្ឋ Washington បើយោងតាមសំដីក្រឡាបញ្ជីនៃតុលាការក្រុង។ ការិយាល័យរដ្ឋបាលរបស់តុលាការ (AOC) បានចាត់វិធានការភ្លាមៗ ដើម្បីសុវត្ថិភាពប្រព័ន្ធសំខាន់ៗ និងកំពុងតែធ្វើការស្តារនូវសេវាកម្មឱ្យត្រលប់ទៅរកសុវត្ថិភាពឡើងវិញ។ មុខងារសំខាន់របស់តុលាការ និងដំណើរការនីតិវិធីភាគច្រើនត្រូវបានគេរំពឹងថានឹងដំណើរការទៅតាមការគ្រោងទុកដោយមានការរំខានតិចតួចបំផុត។ បញ្ជរផ្តល់សេវាអតិថិជន (Customer service counters) ក៏បើកធម្មតា ដើម្បីផ្តល់សេវាជូនភ្ញៀវ។
ទោះជាយ៉ាងណាក្តី រហូតដល់តុលាការក្រុង Pierce County ស្តារសេវាកម្មដែលរងផលប៉ះពាល់ទាំងអស់ឱ្យដំណើរការធម្មតា តុល្យភាពព័ត៌មានដែលទាក់ទងនឹងការវិនិច្ឆ័យ និងការផាកពិន័យដែលត្រូវបានជំពាក់ និងការស្វែងរកឯកសារតុលាការតាមប្រព័ន្ធអេឡិចត្រូនិចជាបណ្តោះអាសន្នមិនអាចដំណើរការបានទេ។ ក្រឡាបញ្ជីនៃតុលាការជាន់ខ្ពស់ក្រុង Pierce County បានបន្ថែមថា “ការកែប្រែសេវាកម្មនៅតែបន្តនៅក្នុងសប្តាហ៍នេះ” ខណៈពេលក្រុមការងារធ្វើការដើម្បីរក្សាដំណើរការនៃសេវាសំខាន់ៗ ក៏ដូចជាការពារសុចរិតភាពនៃកំណត់ត្រា និងប្រព័ន្ធតុលាការ។
កាលពីឆ្នាំមុនអាជ្ញាធរតុលាការរដ្ឋ Kansas បានបញ្ជាក់ថាហេគឃ័របានលួចឯកសារសំខាន់ជាមួយនឹងព័ត៌មានសម្ងាត់ពីប្រព័ន្ធរបស់រដ្ឋ បន្ទាប់ពីបណ្តាញណិតវើករបស់រដ្ឋត្រូវបានលួចចូលកាលពីពាក់កណ្តាលខែតុលា ឆ្នាំ២០២៣ នៅក្នុងការវាយប្រហារសាយប័រ ដែលបានបង្ហាញសញ្ញានៃការវាយប្រហារដោយមេរោគចាប់ជម្រិត។ ទោះជាយ៉ាងណា គ្មានប្រតិបត្តិការមេរោគណាបានអះអាងទទួលខុសត្រូវនោះទេ។ នៅក្នុងការវាយប្រហារបានបង្ខំឱ្យសាខាតុលាការរដ្ឋ Kansas ផ្តាច់ប្រព័ន្ធព័ត៌មានជាច្រើនរបស់តុលាការរដ្ឋ ឱ្យនៅក្រៅបណ្តាញរួមទាំងប្រព័ន្ធ eFiling ដែលប្រើដោយមេធាវី សម្រាប់បញ្ជូនឯកសារសំណុំរឿង ប្រព័ន្ធគ្រប់គ្រងសំណុំរឿងដែលប្រើដោយសាលាឧទ្ធរណ៍ និងដំណើរការសំណុំរឿង និងប្រព័ន្ធទូទាត់តាមអេឡិចត្រូនិចផងដែរនោះ៕
ប្រភពព័ត៌មាន៖ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤