ស្លាប់ទាហាន១២នាក់ និងភេរវករ៦នាក់ក្នុងការប៉ះទង្គិចគ្នានៅប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ មន្ត្រីយោធា​បាននិយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយកាល​ពី​យប់ថ្ងៃ​ពុធ​ថា ទាហាន១២នាក់ និងភេរវករ៦នាក់ស្លាប់​​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នារវាងកម្លាំងសន្តិសុខ និង​ក្រុមសកម្មប្រយុទ្ធនៅក្នុងខេត្តខាយប័រផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន នៅថ្ងៃអង្គារនេះ។

បណ្តាញទំនាក់ទំនងសាធារណៈអន្តរសេវាកម្មហៅកាត់ថា (ISPR) ដែលជាដៃគូរបស់ប្រព័ន្ធផ្សព្វផ្សាយកងទ័ពប៉ាគីស្ថានបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ហេតុការណ៍នេះបានកើតឡើងក្នុងស្រុកបាននូ ជាកន្លែងដែលក្រុមភេរវករប៉ុនប៉ងវាយប្រហារលើបុស្ត៍ត្រួតពិនិត្យរួមគ្នារបស់កងទ័ពប៉ាគីស្ថាន និងកម្លាំងសហព័ន្ធកងទ័ពប៉ារ៉ា។

សេចក្តីថ្លែងការណ៍មានខ្លឹមសារបន្ថែមថា ការវាយប្រហារនេះបានបង្កឱ្យមានការបាញ់គ្នាទៅវិញទៅមក ដែលក្នុងនោះភេរវករ៦នាក់ត្រូវបានបាញ់ស្លាប់  ហើយការប៉ុនប៉ងចូលក្នុងបុស្ត៍ត្រួតពិនិត្យត្រូវបានរារាំងដោយកងទ័ពយ៉ាងមានប្រសិទ្ធិភាព ដែលជាហេតុបង្ខំឱ្យក្រុមភេរវករបើករថយន្តផ្ទុកគ្រឿងផ្ទុះបុកជញ្ជាំងបុស្ត៍យាមល្បាត។

ISPR បញ្ជាក់បន្ថែមទៀតថា ការបំផ្ទុះគ្រាប់បែកអត្តឃាតបានធ្វើឱ្យជញ្ជាំងរលំ និងបំផ្លាញហេដ្ឋារចនាសម្ពន្ធដែលនៅជាប់គ្នា ដែលជាលទ្ធផលបណ្តាលឲ្យមានទាហានស្លាប់ ។

សូមបញ្ជាក់ផងដែរថា ប្រតិបត្តិការបោសសម្អាតកំពុងត្រូវបានធ្វើឡើងនៅក្នុងតំបន់នោះ៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here