រដ្ឋាភិបាលប្រទេសកាណាដាបានបញ្ជាឱ្យក្រុមហ៊ុនបច្ចកវិទ្យាតិកតុកកាណាដាបញ្ឈប់ដំណើរការ បន្ទាប់ពីការត្រួតពិនិត្យពហុជំហាន ដែលផ្តល់ព័ត៌មាន និងភស្តុតាងថាបង្កហានិភ័យដល់ជាតិ។ការសម្រេចចិត្តក៏បានពិចារណាលើការណែនាំស្តីពីសុវត្ថិភាពរបស់កាណាដា និងសហគមន៍ស៊ើបការណ៍ក៏ដូចជាដៃគូរដ្ឋាភិបាលផ្សេងផងដែរ។ រដ្ឋាភិបាលមិនបានហាមអ្នកប្រើប្រាស់ជនជាតិកាណាដាមិនឱ្យប្រើផ្លេតហ្វមតិកតុក ឬបិទលទ្ធភាពអ្នកប្រើមិនឱ្យបង្កើត និងផ្សព្វផ្សាយនៅលើវេទិកានោះទេ។ លទ្ធផលនៃដំណើរការត្រួតពិនិត្យសន្តិសុខជាតិពហុជំហាន ដែលពាក់ព័ន្ធនឹងការត្រួតពិនិត្យយ៉ាងហ្មត់ចត់ដោយសហគមន៍សន្តិសុខជាតិ និងស៊ើបការណ៍សម្ងាត់របស់ប្រទេសកាណាដា រដ្ឋាភិបាលកាណាដាបានបញ្ជាឱ្យបញ្ឈប់អាជីវកម្មតិកតុករបស់ប្រទេសកាណាដា។
រដ្ឋាភិបាលកំពុងតែចាត់វិធានការដើម្បីដោះស្រាយបញ្ហាដែលបង្កហានិភ័យដល់ប្រទេសជាតិដែលទាក់ទងនឹងប្រតិបត្តិការរបស់ក្រុមហ៊ុន ByteDance Ltd នៅក្នុងប្រទេសកាណាដា តាមរយៈការបង្កើតក្រុមហ៊ុនបច្ចេកវិទ្យាតិកតុកកាណាដា (TikTok Technology Canada, Inc)។ វាមិនច្បាស់អំពីគ្រោះថ្នាក់ដែលក្រុមហ៊ុន ByteDance បានបង្កទៅដល់ប្រទេសខណៈពេលដែលរដ្ឋាភិបាលប្រទេសកាណាដាមិនបានផ្តល់នូវព័ត៌មានលម្អិតនោះ។ ទោះជាយ៉ាងណា កម្មវិធីតិកតុកមានវត្តមាននៅក្នុងប្រទេសជាច្រើន ហើយអាមេរិកកំពុងតែមិនពេញចិត្តដោយសារការប្រមូលទិន្នន័យអ្នកប្រើប្រាស់ ដែលរដ្ឋាភិបាលចិនអាចនឹងប្រើសម្រាប់ប្រតិបត្តិការផ្សេងៗដើម្បីផលប្រយោជន៍នៅក្នុងបក្សកុម្មុយនីស្តចិន។ សារព័ត៌មាន BleepingComputer បានទាក់ទងទៅរដ្ឋាភិបាលប្រទេសកាណាដាដើម្បីស្នើសុំព័ត៌មានលម្អិត ហើយអ្នកនាំពាក្យបានថ្លែងថា៖ បទបញ្ញត្តិសម្ងាត់នៃច្បាប់វិនិយោគកាណាដាហាមឃាត់រដ្ឋាភិបាលមិនឱ្យធ្វើអត្ថាធិប្បាយបន្ថែមលើករណីនេះទេ។
ការប្រកាសកត់សម្គាល់ថា ប្រទេសកាណាដាបន្តស្វាគមន៍វិនិយោគបរទេស ប៉ុន្តែរដ្ឋាភិបាលនឹងចាត់វិធានការតាមច្បាប់ នៅក្នុងករណីដែលបង្កហានិភ័យដល់សន្តិសុខជាតិ។ ក្រុមហ៊ុនតិកតុកបានចេញថ្លែងសន្ទរកថាខ្លី បង្ហាញពីការប្រឆាំងនឹងការសម្រេចនេះ ហើយបានលើកឡើងថានឹងធ្វើការតស៊ូផ្លូវច្បាប់ដើម្បីផ្តួលរំលំបទបញ្ជានេះ។
ប្រជាជនកាណាដាអាចប្រើកម្មវិធីតិកតុកបានធម្មតា៖ ការប្រកាសរបស់រដ្ឋាភិបាលកាណាដាធានាចំពោះសាធារណៈជនថា ពួកគេអាចបន្តប្រើតិកតុក ប្រសិនបើពួកគេចង់ប្រើ ហើយបើទោះជាមានការបិទការិយាល័យរបស់ក្រុមហ៊ុនតិកតុកនៅក្នុងប្រទេសក្តី ក៏ពុំមានផលប៉ះពាល់អ្វីដល់អ្នកប្រើទេ។ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត និងនវានុវត្តន៍បានថ្លែងថា រដ្ឋាភិបាលមិនបានបិទខ្ទប់ការប្រើប្រាស់របស់ប្រជាជនកាណាដាចំពោះកម្មវិធីតិកតុក ឬលទ្ធភាពរបស់ពួកគេក្នុងការបង្កើតមាតិកានោះទេ។ ការសម្រេចចិត្តក្នុងការប្រើកម្មវិធី ឬផ្លេតហ្វមបណ្តាញសង្គមគឺជាជម្រើសផ្ទាល់របស់បុគ្គល។ ទោះបីជាយ៉ាងណា ការប្រកាសចង្អុលបង្ហាញពីការណែនាំសុវត្ថិភាពទិន្នន័យរបស់អ្នកប្រើប្រាស់ពីមជ្ឈមណ្ឌលផ្នែកសន្តិសុខសាយប័រប្រទេសកាណាដា ដែលស្នើឱ្យអ្នកប្រើប្រាស់គួរពិចារណាដូចខាងក្រោម៖
– ត្រួតពិនិត្យលក្ខខណ្ឌ និងគោលការណ៍របស់កម្មវិធី (app’s terms and privacy policy) ដើម្បីកំណត់ពីទំនុកចិត្ត និងសុវត្ថិភាពក្នុងការប្រើប្រាស់
– ធានាថាកម្មវិធីផ្តល់នូវជម្រើសឯកជនភាពរឹងមាំ (solid privacy options) គ្រប់គ្រងការមើលឃើញ (visibility controls) និងការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវរឹងមាំ
– ការអនុញ្ញាតកម្មវិធីមានកម្រិត (Limit app permission) ដូចជាដំណើរការទីតាំង និងកាមេរ៉ា និងប្រុងប្រយ័ត្នចំពោះព័ត៌មានដែលចែករំលែក
– កំណត់កន្លែងដែលកម្មវិធីរក្សាទុកទិន្នន័យអ្នកប្រើ និងយល់ពីអ្វីដែលច្បាប់ឯកជនភាពអនុវត្តនៅក្នុងប្រទេសទាំងនោះ។
ប្រភពព័ត៌មាន៖ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤