ក្លឹបអ្នកកាសែតបរទេសនៅចិនបានផ្សព្វផ្សាយរបាយការណ៍ប្រចាំឆ្នាំ ២០១៨ ស្តីពីលក្ខខណ្ឌនៃការបំពេញអាជីពជាអ្នកកាសែតនៅក្នុងប្រទេសចិន។ របាយការណ៍ចេញផ្សាយនាថ្ងៃអង្គារ ទី២៩ មករាឲ្យដឹងថា លក្ខខណ្ឌនៃការបំពេញការងាររបស់អ្នកកាសែតបរទេសនៅចិនសម្រាប់ឆ្នាំ ២០១៨ ក៏បានធ្លាក់ដុនដាបខ្លាំង។ ក្រុមអ្នកកាសែតបរទេសបានបរិហារ និងត្អូញត្អែរពីការលំបាកមួយចំនួនរួមមាន បារម្ភពីការលួចស្តាប់ទូរស័ព្ទ រយៈពេលនៃការសុំបន្តទិដ្ឋាការមានរយៈពេលយូរ ឬមួយក៏មានភ្នាក់ងារសម្ងាត់ចុះតាមដានក្នុងពេលធ្វើបទយការណ៍ជាដើម។
របាយការណ៍ប្រចាំឆ្នាំ ២០១៨ របស់ក្លឹបអ្នកកាសែតបរទេសនៅចិនពេលនេះបានធ្វើឡើង ដោយផ្អែកលើលទ្ធផលនៃការសួរអ្នកកាសែតចំនួន ១០៩នាក់។ នៅក្នុងចម្លើយ អ្នកកាសែត ៥៥% បានយល់ឃើញថា លក្ខខណ្ឌការងាររបស់ពួកគេបានធ្លាក់ដុនដាបខ្លាំងក្នុងឆ្នាំ ២០១៨ ពោលច្រើនជាងឆ្នាំ ២០១៧ ដែលមានតែ ៤០% ប៉ុណ្ណោះ។ ក្នុងចំណោមអ្នកកាសែតដែលបានយល់ព្រមឆ្លើយនឹងការស្ទាបស្ទង់មតិ មានជិតពាក់កណ្តាលបានបញ្ជាក់ពីក្តីបារម្ភពីការតាមដាន ឬតាមឃ្លាំមើលលើការងាររបស់ពួកគេពីរដ្ឋអំណាច។ ចំណែកជាង ៩០% បានបារម្ភពីការលួចស្តាប់ទូរស័ព្ទរបស់ពួកគេជាយថាហេតុពីសំណាក់រដ្ឋអំណាច។
ដោយឡែក នៅក្នុងចំណោមអ្នកកាសែតចំនួន ២៧នាក់ដែលបានធ្វើដំណើរទៅយកព័ត៌មាននៅក្នុងតំបន់ស៊ីនជាំងកាលពីឆ្នាំ ២០១៨ មាន ២៤នាក់បានបញ្ជាក់ពីការមិនអាចបំពេញការងារត្រឹមត្រូវ និងការរំខានពីរដ្ឋអំណាច។ គួររម្លឹកថា ស៊ីនជាំងដែលស្ថិតប៉ែកភាគពាយព្យប្រទេសចិនជាតំបន់ដែលសំបូរដោយអ្នកកាន់សាសនាអ៊ីស្លាមរស់នៅ។ យោងតាមក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិ មានជនជាតិភាគតិចអ៊ុយហ្គួររហូតដល់ ១លាននាក់ និងជនជាតិភាគតិចផ្សេងទៀតត្រូវបានរដ្ឋអំណាចក្រុងប៉េកាំងឃុំនៅតំបន់ស៊ីនជាំង។
តាមរបាយការណ៍ប្រចាំឆ្នាំ ២០១៨ របស់ក្លឹបអ្នកកាសែតបរទេសនៅចិន ក្រុមអ្នកកាសែតបរទេសដែលបានចុះទៅយកការណ៍នៅតំបន់ស៊ីនជាំងបានបង្ខំចិត្តលុបរូបថត ឬកម្ទេចទិន្ន័យ បញ្ឈប់បទសម្ភាសន៍ ហើយមានអ្នកខ្លះត្រូវបានចាប់ខ្លួនទៀត។ តែទីក្រុងប៉េកាំងបានបញ្ជាក់ថា អ្នកកាសែតបរទេសគ្រប់រូបនៅចិនមានសិទ្ធិសួរអ្នកណាក៏បានតាមជម្រើសរបស់ខ្លួន ប្រសិនបើមនុស្សនោះយល់ព្រមឲ្យសួរ។ ក្រៅពីលំបាកក្នុងការបំពេញអាជីពជាអ្នកកាសែត របាយការណ៍ប្រចាំឆ្នាំ ២០១៨ របស់ក្លឹបអ្នកកាសែតបរទេសនៅចិនក៏ប្រាប់ពីការលំបាករបស់ក្រុមអ្នកកាសែតបរទេសនៅចិនក្នុងការបន្តទិដ្ឋាការដែរ។ គួរបញ្ជាក់ថា ក្រោមភ្នែក ច្រមុះរបស់រដ្ឋាភិបាលចិន ក្លឹបអ្នកកាសែតបរទេសនៅចិនជាស្ថាប័នខុសច្បាប់៕
