ក្នុងរយៈពេល ៨៣ ថ្ងៃខាងមុខទៀតនេះ Google នឹងកាត់ផ្ដាច់ទំនាក់ទំនងជាផ្លូវការជាមួយ Huawei ដែលធ្វើឲ្យស្មាតហ្វូន Huawei នាពេលអនាគតមិនអាចអាប់ដេតប្រព័ន្ធប្រតិបត្តិការ Android ជំនាន់ថ្មី ឬប្រើសេវាកម្ម Google បានទៀតនោះទេ។
គួរដឹងថា Google មិនមានជម្រើសច្រើនឡើយលើបញ្ហានេះ ដោយសាររដ្ឋបាលលោក ដូណាល់ ត្រាំ បានដាក់ Huawei ចូលក្នុងបញ្ជីខ្មៅ ធ្វើឲ្យក្រុមហ៊ុនអាមេរិកជាច្រើនមិនអាចរកស៊ីជាមួយ Huawei បានតទៀត។
តាមការស្រាវជ្រាវពីក្រុមហ៊ុន Normura Instinet របស់អាមេរិក បានប៉ាន់ស្មានថាពេលដែល Google ចែកផ្លូវជាមួយ Huawei ក្រុមហ៊ុននេះត្រូវបាត់បង់ចំណូលពី ៣៧៥ ទៅ ៤២៥ លានដុល្លារដែលបាន Play Store។ នេះមិនគិតទាំងកម្រៃពីសេវាកម្មផ្សេងៗដូចជា Gmail, Photos និង YouTube។
ក្រុមហ៊ុន Normura Instinet បានឲ្យដឹងដែរថាបច្ចុប្បន្ន Huawei មានអ្នកប្រើប្រាស់សរុបប្រមាណ ៥០០ លាននាក់ នៅទូទាំងសកលលោក ហើយមាន ៥២% គឺអ្នកប្រើប្រាស់នៅប្រទេសចិន ជាប្រទេសដែលគ្មាន Google Play Store៕