ប្រាក់ចំណេញរបស់ក្រុមហ៊ុនយក្ស Apple អាចនឹងត្រូវធ្លាក់ចុះជិត ៣០ ភាគរយ ប្រសិនណារដ្ឋាភិបាលចិនសម្រេចលើការហាមប្រាមមិនឲ្យចែកចាយផលិផលរបស់ក្រុមហ៊ុនអាមេរិកមួយនេះក្នុងប្រទេសរបស់ខ្លួននៅពេលខាងមុខ។ នេះបើយោងតាមការព្យាករណ៍ពីក្រុមការងារជំនាញ Goldman Sachs ។
អ្នកវិភាគលោក Rod Hall បានកត់សម្គាល់ឃើញថាទីផ្សារចិនជួយនាំប្រាក់ចំណូលប្រមាណ ១៧ ភាគរយឲ្យ Apple ប៉ុន្តែក្នុងនោះប្រាក់ចំណេញមានដល់ ២៩ ភាគរយ ក៏ដោយសារកត្តាតម្លៃនៃផលិតផល។ តាមការព្យាករណ៍ប្រសិនមានរឿងសោះកក្រោះដូចរំពឹងទុកពិតមែន នោះប្រាក់ចំណូលសុទ្ធប្រមាណ ១៥ ពាន់លានដុល្លារ ប្រចាំឆ្នាំនឹងត្រូវកាត់បន្ថយ។
Hall បានបញ្ជាក់ថា៖ “វិនិយោគិនបានសួរនាំយើងអំពីផលប៉ះពាល់នៃប្រព័ន្ធហិរញ្ញវត្ថុរបស់ Apple ប្រសិនចិនហាមប្រាមផលិផលរបស់ពួកគេ បន្ទាប់ពីអាមេរិកប្រកាសពីការហាមឃាត់ក្រុមហ៊ុន Huawei កាលពីថ្ងៃសុក្រសប្តាហ៍មុន”។
លោកបន្ត៖ “ប្រសិនមានការដាក់កំហិតក្នុងកម្រិតណាមួយពីរដ្ឋាភិបាលចិន នោះយើងមិនជឿថា Apple អាចផ្លាស់ប្តូរបរិមាណនៃការផលិត iPhone ក្រៅទឹកដីចិនបានរហ័សក្នុងរយៈពេលខ្លីនោះទេ បើទោះបីជាសកម្មភាពនេះអាចផ្តល់សញ្ញាអវិជ្ជមានដល់ប្រព័ន្ធអេកូបច្ចេកវិទ្យានិងការកាត់បន្ថយការងារក្នុងស្រុករបស់ប្រទេសចិនក៏ដោយ”។
រំឭកដែរថាក្រុមហ៊ុន Apple នៅប៉ុន្មានឆ្នាំចុងក្រោយ ផ្តើមមានការធ្លាក់ចុះ ពោលគឺមិនទទួលបានជោគជ័យធំធេងដូចអតីតកាលនោះឡើយ បន្ទាប់ពីក្រុមហ៊ុនយក្ស Huawei បានសម្ញែងពីភាពរឹងមាំរបស់ខ្លួនពីមួយថ្ងៃទៅមួយថ្ងៃ។