ក្រុម Hacker បានវាយប្រហារយ៉ាងធ្ងន់ធ្ងរទៅលើបណ្តាកុំព្យូទ័ររាប់ពាន់គ្រឿងក្នុងទីក្រុង Baltimore រដ្ឋ Maryland សហរដ្ឋអាមេរិក ក្រោមថ្នូរដោះដូរនូវទឹកប្រាក់ ១ សែនដុល្លារ ជាកំហិត។
យោងតាមសារព័ត៌មាន New York Times បានឲ្យដឹងថា Hacker បានអុកឡុកឲ្យគាំងកុំព្យូទ័ររាប់ពាន់គ្រឿង បិទលែងឲ្យ Email ដំណើរការ និងរាំងស្ទះការទូទាត់វិក័យប័ត្រសំខាន់ៗមួយចំនួន។ ជាថ្នូរបញ្ចប់បញ្ហានេះ សារពី Hacker មិនបង្ហើបអត្តសញ្ញាណបានទាមទារ ១ សែនដុល្លារគិតជារូបិប័យបណ្ឌ Bitcoin ជាមួយការបោះសម្តីដូច្នោះថា៖ “យើងបានឃ្លាំមើលច្រើនថ្ងៃហើយ យើងនឹងមិននិយាយច្រើនទេ អ្វីដែលយើងត្រូវការចាំបាច់គឺលុយ“។
យ៉ាងណាមិញមន្រ្តីក្នុងទីក្រុងបានបដិសេធលើសំណើមួយនេះ ហើយបានបញ្ជាឲ្យនាយកដ្ឋាន IT ប្រចាំតំបន់ដុតដៃដុតជើងជួសជុលចន្លោះប្រហោងឲ្យបានរហ័សបំផុត។ ពុំទាន់មានការបង្ហើបពីរឿងរ៉ាវលម្អិតបន្ថែម តែអ្វីដែលបានដឹងគឺមេរោគវាយប្រហារឲ្យឈ្មោះថា ‘EternalBlue‘។
កន្លងទៅ EternalBlue ក៏ធ្លាប់ត្រូវបានក្រុមខិលខូចដែលនៅពីក្រោយការបង្កើត WannaCry បានប្រើប្រាស់មេរោគនេះដើម្បីវាយប្រហារទៅលើគោលដៅនៃបណ្តាស្ថាប័នធនាគារនិងអាកាសយដ្ឋានក្នុងប្រទេសអ៊ុយក្រែនផងដែរ។