ស្ថាបនិក Huawei លោក Ren Zhengfei បានជួបនិយាយជាមួយនឹងសារព័ត៌មាន Bloomberg អំពីស្ថានភាពបច្ចុប្បន្នរបស់ក្រុមហ៊ុន ដែលត្រូវបានដាក់ចូលបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិក បង្ខំឲ្យក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកមួយចំនួនកាត់ផ្ដាច់ទំនាក់ទំនងជាមួយ Huawei។
លោកបាននិយាយថា សហរដ្ឋអាមេរិកគ្រាន់តែជាផ្នែកមួយនៃជំនួញរបស់ខ្លួន ហើយប្រទេសនិងក្រុមហ៊ុនជុំវិញពិភពលោកគឺមានសេរីភាពរបស់ខ្លួនក្នុងការជ្រើសរើស។ លោកបន្ថែមថា Huawei នឹងបន្តទិញផលិតផល និងសេវាកម្មពីសហរដ្ឋអាមេរិកប្រសិនបើការហាមឃាត់ត្រូវបានដកចេញវិញ។
នៅពេលចោទសួរទាក់ទងនឹងការសងសឹងរបស់ចិនទៅលើអាមេរិក ដោយហាមឃាត់ការលក់ទំនិញ Apple នៅចិននោះ លោក Ren Zhengfei បានឆ្លើយតបថាខ្លួនបានចាត់ទុក Apple ដូចជាគ្រូ ជាមេដឹកនាំ ជាអ្នកណែនាំ ហើយពិភពលោកនឹងខុសប្លែកបើគ្មាន Apple។
ស្ថាបនិករូបនេះបញ្ជាក់ទៀតថា ការប្រឆាំងនឹង Apple ពីសំណាក់ប្រទេសចិននឹងមិនអាចកើតមានឡើងនោះទេ ហើយប្រសិនបើកើតមានមែនលោកនឹងធ្វើជាអ្នកជំទាស់មុនគេតែម្ដង។
លោក Ren Zhengfei បានឲ្យដឹងបន្ថែមថាទង្វើរបស់សហរដ្ឋអាមេរិក គឺបានធ្វើឲ្យការនាំមុខលើគូប្រជែងរបស់ Huawei ថមថយចំនួន ២ ឆ្នាំ។ ប៉ុន្តែក្រុមហ៊ុននឹងស្វែងរកវិធីផ្សេងដើម្បីបន្តការនាំមុខនៅលើទីផ្សារស្មាតហ្វូន និងទីផ្សារ 5G៕