នៅពេលដែលលោក Steve Jobs បង្ហាញអំពីគ្រោងការថានឹងសាងសង់សាខាថ្មី ទៅកាន់ក្រុមប្រឹក្សាក្រុង Cupertino នាឆ្នាំ២០១១ លោកមានគោលបំណងតែមួយគត់គឺសាងសង់អគារការិយាល័យល្អដាច់គេនៅក្នុងលោក។
ខាងក្រោមគឺការពិតទាំង១០យ៉ាងពីអគារការិយាល័យល្អដាច់គេនៅក្នុងលោកដែលក្រុមហ៊ុន Apple បានចាប់ផ្ដើមសាងសង់នាឆ្នាំ២០១៣ ៖
១. សាខាថ្មីនេះនឹងអាចផ្ទុកបុគ្គលិកប្រមាណ ១៣ ០០០នាក់
អគារមេមានទំហំប្រមាណ ២៦០ ០០ ម៉ែត្រការ៉េ ហើយគេបានរចនាវាដោយមាននូវកន្លែងសម្រាប់អាចឲ្យបុគ្គលិកអង្គុយពិភាក្សាគ្នាបានច្រើននាក់។ បើយោងតាមការរៀបរាប់អំពីគម្រោងពីក្រុមហ៊ុន Apple បានឲ្យដឹងថា គ្រាន់តែកន្លែងជួបជុំនិងសម្រាកគឺមានទំហំដល់ទៅ ៧ ៧១០ម៉ែត្រការ៉េ។
២. ជញ្ជាំងប្រើសុទ្ធតែកញ្ចក់កោងផ្ទាំងធំៗជាងគេក្នុងលោក
កញ្ចក់កោងនឹងត្រូវប្រើប្រាស់សម្រាប់ជាជញ្ជាំងនៃអគាររាងរង្វង់នេះ ដូចនេះបុគ្គលិកអាចមើលទិដ្ឋភាពសួនច្បារផ្នែកខាងក្នុងដើម្បីលំហែខួរក្បាល។ ផ្ទាំងកញ្ចក់កោងច្រើនជាង ៣ ០០០ផ្ទាំង នឹងត្រូវប្រើព័ទ្ធជុំវិញអគារនេះ។
៣. សាលប្រជុំក្រោមដីអាចផ្ទុកមនុស្សបាន ១ ០០០នាក់
សាលប្រជុំក្រោមដីដែលមានទំហំប្រមាណ ១១ ១០០ ម៉ែត្រការ៉េ នឹងអាចផ្ទុកមនុស្សបានដល់ទៅ ១ ០០០ នាក់។ សាលប្រជុំនេះទៀតសោតនឹងមានជាកន្លែងសម្រាប់ទទួលភ្ញៀវ នឹងផ្ដល់ជូននូវអាហារសម្រន់ផងដែរ។
៤. នៅពេលសំណង់បញ្ចប់ ៨០% នៃសាខានេះនឹងសុទ្ធតែជាតំបន់បៃតង
ដើមឈើចំនួន ៧ ០០០ ដើមដែលត្រូវបានគេជ្រើសរើសយ៉ាងម៉ត់ចត់នឹងត្រូវដាំនៅបរិវេណសាខាថ្មីនេះ។ ក្នុងចំណោមដើមឈើទាំងនោះក៏មានជាដើមផ្លែឈើដូចជា ដើមផ្លែប៉ោម ដែលនឹងប្រមូលផលសម្រាប់ប្រើប្រាស់នៅកន្លែងទទួលអាហារក្នុងអគារ។
៥. ដើរដោយប្រភពថាមពលដែលអាចប្រើប្រាស់ឡើងវិញបាន ១០០%
សាខានេះនឹងដំណើរការដោយប្រើប្រាស់ប្រភពថាមពលដែលអាចប្រើប្រាស់ឡើងវិញបាន រួមមានថាមពលពន្លឺព្រះអាទិត្យ។ បរិវេណទំហំ ៦៥០០០ម៉ែត្រការ៉េនឹងត្រូវដំឡើងផ្ទាំងសូឡារ។
៦. មានប្រព័ន្ធពិសេសដែលជួយកាត់បន្ថយការប្រើប្រាស់ម៉ាស៊ីនត្រជាក់ និងម៉ាស៊ីនកម្ដៅបាន៧៥% ក្នុងមួយឆ្នាំ
៧. កង់ចំនួន ១ ០០០ គ្រឿងនឹងមាននៅសាខានេះដើម្បីអាចឲ្យបុគ្គលិកងាយស្រួលធ្វើដំណើរជុំវិញបរិវេណនៃសាខា
៨. ចំណតក្រោមដី
កន្លែងចតយានយន្តនឹងសង់ឡើងនៅក្រោមដី ដើម្បីកុំឲ្យបាត់បង់សោភ័ណភាពដ៏ស្រស់ស្អាតរបស់សាខាថ្មីនេះ ប៉ុន្តែគេក៏នឹងសាងសង់កន្លែងចតយានយន្តដែលខ្ពស់ផុតពីដីមួយដែរ។ ទីតាំងចំណតនឹងមានសរុបចំនួន ១០ ៩៨០ កន្លែង។ ទីតាំងចំណតទាំងពីរនឹងមានបំពាក់ កន្លែងសម្រាប់សាករថយន្តអគ្គិសនីប្រមាណ ៣០០ កន្លែង។
៩. កន្លែងហាត់ប្រាណដែលចំណាយអស់៧០លានដុល្លារ
កន្លែងហាត់ប្រាណទំហំ ៩ ២៩០ ម៉ែត្រការ៉េនឹងសាងសង់ឡើង ដែលអាចបម្រើការបុគ្គលិកបានច្រើន ជាង ២០ ០០០ នាក់ ដោយចំណាយអស់ទឹកប្រាក់ប្រមាណ ៧០ លានដុល្លារ។
១០. កន្លែងទទួលទានអាហារទំហំ ៥៥៧៤ម៉ែត្រការ៉េ
នៅជាន់ផ្ទាល់ដីនៃអគារមានជាកន្លែងទទួលទានអាហារទំហំ ៥៥៧៤ម៉ែត្រការ៉េ ដែលមានកន្លែងអង្គុយអាចផ្ទុកមនុស្សបានចំនួន ២១០០នាក់៕