គិតត្រឹមថ្ងៃចន្ទកន្លងទៅតម្លៃរូបិយប័ណ្ណឌីជីថល Bitcoin បានមានការកើនឡើងខ្ពស់រហូតដល់ទៅជិត ៩ ពាន់ដុល្លារ។ ទិន្នន័យចេញពី Bitcoin Price Index របស់ Coindesk បានបង្ហាញពីតម្លៃឡើងច្រាលបំផុតដល់ទៅ ៨ ៩៣៧ ដុល្លារ ពោលគឺកើនខ្ពស់មិនធ្លាប់មានគិតចាប់ពីថ្ងៃទី ១១ ឧសភា ឆ្នាំ ២០១៨។
វេលាម៉ោង ០៩:៥០ នាទីព្រឹក (ម៉ោងនៅហុងកុង) នៅថ្ងៃចន្ទ Bitcoin ឡើងប្រមាណ ៩ ភាគរយត្រឹមរយៈពេល ២៤ ម៉ោង ដែលអាចលក់ចេញក្នុងតម្លៃប្រមាណ ៨ ៧៨៨ ដុល្លារ។ ជារួមតួលេខនេះកើនបាន ១៤០ ភាគរយធៀបនឹងឆ្នាំចាស់។
កំណើននៃតម្លៃកាក់ BTC ផ្តើមកើនខ្ពស់ឥតឈប់ឈរ បន្ទាប់ពីក្រុមហ៊ុនធំៗជាច្រើនងាកមកវិនិយោគនិងចាប់អារម្មណ៍លើរូបិយប័ណ្ណឌីជីថល សោតយ៉ាងដូចជាក្រុមហ៊ុនស្មាតហ្វូនតៃវ៉ាន់ HTC បានចេញផ្សាយនូវស្មាតហ្វូនដែលផ្តោតសំខាន់លើមុខងាររក្សាទុកទិន្នន័យនៃកាក់ឌីជីថលរបស់អ្នកប្រើប្រាស់ មិនខុសពី Facebook ដែលដុតដៃដុតជើងបង្កើតរូបិយប័ណ្ណឌីជីថលផ្ទាល់ខ្លួននៅឆ្នាំ ២០២០។
ទៅមើលរូបិយប័ណ្ណផ្សេងទៀតដូចជា Ethereum ដែលធំបំផុតលំដាប់ទី ២ ក៏កើនឡើងប្រមាណ ៧ ភាគរយផងដែរនៅព្រឹកថ្ងៃចន្ទ។ រំឭកថាសម្រាប់ Bitcoin តម្លៃខ្ពស់បំផុតធ្លាប់ហក់ដល់ ១៩ ០០០ ដុល្លារ/ឯកតា នាចុងឆ្នាំ ២០១៧។
