ក្រុមហ៊ុន Huawei ថ្ងៃនេះបានដាក់សំណើមួយសម្រាប់ការវិនិច្ឆ័យជាសង្ខេប ដែលជាផ្នែកមួយនៃដំណើរការដើម្បីតស៊ូមតិនឹងធម្មនុញ្ញមាត្រា 889 នៃច្បាប់អនុញ្ញាតការពារជាតិឆ្នាំ 2019 (NDAA 2019) ហើយវាក៏ជាការអំពាវនាវឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក បញ្ឈប់យុទ្ធនាការរបស់ខ្លួនក្នុងការប្រឆាំងនឹងក្រុមហ៊ុន Huawei ដោយសារតែវាមិនអាចជួយក្នុងការដោះស្រាយបញ្ហាសន្តិសុខអ៊ីនធឺណិតនោះទេ។
លោក Song Liuping ប្រធានផ្នែកច្បាប់របស់ក្រុមហ៊ុន Huawei បានលើកឡើងថា ការហាមឃាត់ក្រុមហ៊ុន Huawei ដោយយកបញ្ហាសន្តិសុខអ៊ីនធឺណិតគឺជាលេស ”វានឹងមិនអាចជួយធ្វើឱ្យបណ្តាញទំនាក់ទំនងមួយនេះកាន់តែមានសុវត្ថិភាពនោះទេ វាគឺជាកំហុស និងបង្វែរការយកចិត្តទុកដាក់ទៅលើអ្វីដែលជាបញ្ហាប្រឈមពិតប្រាកដដែលយើងកំពុងប្រឈម” ។ លោកសុង បានកត់សម្គាល់ថា ”អ្នកនយោបាយរបស់សហរដ្ឋអាមេរិក កំពុងតែប្រើកម្លាំងនៃប្រជាជាតិទាំងមូល ដើម្បីវាយបកមកលើក្រុមហ៊ុនឯកជន ហើយវាពិតមិនធម្មតានោះទេ និងស្ទើរតែមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្ត។”
“រដ្ឋាភិបាលអាមេរិកមិនបានផ្តល់ភស្តុតាងដើម្បីបង្ហាញអំពីការគំរាមកំហែងរបស់ក្រុមហ៊ុន Huawei លើផ្នែកសន្តិសុខអ៊ីនធឺណិតនោះទេ គ្មានកាំភ្លើង គ្មានផ្សែង មានតែការប៉ាន់ស្មានតែប៉ុណ្ណោះ” លោក Song បានបន្ថែម។ នៅក្នុងពាក្យបណ្តឹង ក្រុមហ៊ុន Huawei បានអះអាងថាមាត្រា 889 របស់ NDAA ក្នុងឆ្នាំ 2019 បានលើកឈ្មោះក្រុមហ៊ុន Huawei ហើយមិនត្រឹមតែរារាំងទីភ្នាក់ងាររដ្ឋាភិបាលសហរដ្ឋអាមេរិកពីការទិញឧបករណ៍ និងសេវាកម្មរបស់ក្រុមហ៊ុន Huawei តែប៉ុណ្ណោះទេ ថែមទាំងរារាំងពួកគេមិនឱ្យចុះកិច្ចសន្យា ផ្តល់ជំនួយ ឬប្រាក់កម្ចីដល់ភាគីទីបី ដែលទិញឧបករណ៍ឬសេវាកម្មពី ក្រុមហ៊ុន Huawei ផងដែរ បើទោះជាមិនមានផលប៉ះពាល់ ឬក៏ទំនាក់ទំនងជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិកក្តី។ លោក Song ក៏បានថ្លែងផងដែរអំពីការបញ្ចូលក្រុមហ៊ុន Huawei ទៅក្នុងបញ្ជី EL “Entity List” ដោយក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកកាលពីពីរសប្តាហ៍មុនថា «នេះជាគំរូដ៏គ្រោះថ្នាក់ ថ្ងៃនេះវាជាប្រព័ន្ធទូរគមនាគមន៍ និង Huawei ថ្ងៃស្អែកវាអាចជាវិស័យឧស្សាហកម្មរបស់អ្នក ក្រុមហ៊ុនរបស់អ្នក និងអាចជាអតិថិជនរបស់អ្នក ។»
លោក Song បានបន្តថា «ប្រព័ន្ធតុលាការគឺជាខ្សែការពារចុងក្រោយសម្រាប់ស្វែងរកយុត្តិធម៌។ ក្រុមហ៊ុន Huawei មានទំនុកចិត្តលើឯករាជ្យភាព និងសុចរិតភាព នៃប្រព័ន្ធតុលាការរបស់ សហរដ្ឋអាមេរិក។ យើងសង្ឃឹមថាកំហុសនៅក្នុង NDAA អាចត្រូវបានកែតម្រូវដោយតុលាការ ។
លោក Glen Nager អ្នកប្រឹក្សារបស់ក្រុមហ៊ុន Huawei បានលើកឡើងថា មាត្រា 889 នៃ NDAA ឆ្នាំ 2019 រំលោភលើ “Bill of Attainder” និងលក្ខន្តិកាសនៃរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក ។ ហេតុដូច្នេះករណីនេះគឺសុទ្ធសាធជាបញ្ហាច្បាប់ “a matter of law” ហើយដោយសារតែវាមិនមែនជារឿងពិត ដូចនេះយើងមានហេតុផលត្រឹមត្រូវ ដើម្បីពន្លឿនដំណើរការនៃការវិនិច្ឆ័យនេះ។
ក្រុមហ៊ុន Huawei ជឿជាក់ថាការធ្វើមកលើក្រុមហ៊ុន Huawei របស់សហរដ្ឋអាមេរិក នឹងមិនជួយធ្វើឱ្យបណ្តាញទំនាក់ទំនងកាន់តែមានសុវត្ថិភាពនោះទេ។ ក្រុមហ៊ុន Huawei រំពឹងថាសហរដ្ឋអាមេរិកនឹងចាត់វិធានការដ៏ត្រឹមត្រូវ និងអនុម័តវិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីលើកកម្ពស់សន្តិសុខអ៊ីនធឺណិតសម្រាប់មនុស្សគ្រប់គ្នា ប្រសិនបើគោលដៅជាក់ស្តែងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកគឺជាសន្តិសុខអ៊ីនធឺណិតពិតមែន។
ស្របតាមដីកាកំណត់ កាលបរិច្ឆេទសវនាការនេះ ត្រូវបានកំណត់ធ្វើឡើងនៅខែកញ្ញា ឆ្នាំ២០១៩៕