ថ្មីៗនេះបណ្តាទូ ATM ប្រមាណ ៣០០ ទូដែលផលិតដោយក្រុមហ៊ុន In2Retail បានចាប់ផ្តើមបង្ហាញសារជូនដំណឹងទាក់ទងនឹងព័ត៌មានបាត់ក្មេង។ រាល់ទូ ATM ទាំងអស់ដែលកំពុងដំណើរការនៅតាមអាកាសយានដ្ឋាន ហាងលក់ទំនិញ និងនៅតំបន់ទាក់ទាញភ្ញៀវទេសចរបានចាប់ផ្តើមដំណើរការការអនុវត្តថ្មីនេះហើយ។
ប្រសិនណាអាជ្ញាធរមើលឃើញនូវភាពជោគជ័យ នោះក៏នឹងមានការពង្រីកទៅក្នុងប្រព័ន្ធទូ ATM ច្រើនកន្លែងផ្សេងទៀតទូទាំងប្រទេស ហើយហូឡង់នឹងក្លាយជាប្រទេសដំបូងដែលប្រើប្រាស់ទូ ATM ក្នុងការជូនសារប្រុងប្រយ័ត្នប្រភេទនេះ។
ការស្វែងរកចែកចេញជា ២ សារ ដោយមាន Vermist Kind Alert និង Amber Alert ដោយសម្រាប់ Amber Alert ជាលក្ខខណ្ឌធ្ងន់ធ្ងរផ្តោតទៅលើកុមារដែលបាត់ខ្លួន ហើយជឿថាកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។
ជាមួយនឹងសារជូនដំណឹងបង្ហាញនៅលើអេក្រង់ រួមមានព័ត៌មានទាក់ទិននឹងការបាត់ខ្លួនក៏ដូចជាអត្តសញ្ញាណនៃកុមារនោះ បន្ថែមនឹងការលើកទឺកចិត្តឲ្យមនុស្សចាប់ផ្តើមចុះឈ្មោះក្នុងការទទួលសារជូនដំណឹងទាំងនេះលើស្មាតហ្វូនរបស់ពួកគេ។ AmberAlert.eu ក៏បានសង្កត់ធ្ងន់ថារាល់ព័ត៌មានដែលបង្ហាញទាំងអស់នឹងត្រូវលុបចោល ក្រោយពេលក្មេងដែលបាត់ត្រូវបានរកឃើញ។
រំឭកដែរថាទូ ATM នឹងក្លាយជាទីតាំងបង្ហាញសារបែបនេះក្រោយគេបង្អស់ ខណៈកន្លងមកនៅតំបន់អឺរ៉ុបនិងសហរដ្ឋអាមេរិក បានប្រើប្រាស់មធ្យោបាយចែកចាយព័ត៌មានតាមរយៈផ្ទាំងអេក្រង់ផ្សព្វផ្សាយពាណិជ្ជកម្ម ផ្ទាំងប៉ាណូ និងគេហទំព័រផ្សេងៗ។