កម្លាំងសមត្ថកិច្ច បានចាប់ខ្លួនយុវជនម្នាក់ដែលធ្វើសកម្មភាព Hack ហ្វេសប៊ុករបស់គេរហូតដល់ជាង ២០០គណនី ដើម្បីឆបោកប្រាក់តាមគ្រប់រូបភាព ក្នុងនោះមានគណនីហ្វេសប៊ុកចំនួន៥០ ដែលចាញ់បោកយុវជនម្នាក់នេះ។ នេះបើតាមការចុះផ្សាយរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩។
លោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា យុវជនម្នាក់នេះត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្លូវលេខ១៨២ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយកម្លាំងនាយកដ្ឋានរបស់លោក ដោយដឹកនាំដោយ ឧត្តមសេនីយ៍ទោ ស៊ីវ ឈាន់ សហការជាមួយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
បើតាមលោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋាន បុគ្គលរូបនេះ ត្រូវបានជនរងគ្រោះដាក់ពាក្យបណ្ដឹងពីបទលួចចូលប្រើប្រាស់គណនីហ្វេសប៊ុកអ្នកដទៃ ដោយគ្មានការអនុញ្ញាត រួចឆាត (chat) ទៅខ្ចីប្រាក់ពីមិត្តភក្តិនៅក្នុងហ្វេសប៊ុក ដោយតម្រូវឲ្យផ្ញើប្រាក់តាមក្រុមហ៊ុនវេរលុយ ដែលកន្លងមកនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានទទួលពាក្យបណ្ដឹងជាច្រើនពីជនរងគ្រោះ។
ក្រោយធ្វើការចាប់ខ្លួន ជនសង្ស័យខាងលើបានសារភាពថា ធ្លាប់បានធ្វើការឆបោកប្រាក់ជាច្រើនសារ ហើយរូបគេ បានលួចចូលគណនីហ្វេសប៊ុក បានប្រហែល២០០គណនី និងជាង៥០គណនី ទទួលបានប្រាក់ពីការឆបោក។ បច្ចុប្បន្ននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បាននឹងកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕