អង្គការអវកាសឥណ្ឌា កំពុងត្រៀមបញ្ជូនយានអវកាសមួយគ្រឿង ទៅកាន់ឋានព្រះច័ន្ទ!

0

អង្គការស្រាវជ្រាវផ្នែកអវកាសរបស់ប្រទេសឥណ្ឌា បានប្រកាសនាថ្ងៃពុធនេះថា ឥណ្ឌានឹងបញ្ជូនយានអវកាសទីពីរ ឲ្យឆ្ពោះទៅកាន់ឋានព្រះច័ន្ទក្នុងរយៈពេលខ្ទង់មួយខែទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០១៩។

បើតាមសេចក្តីប្រកាសខាងលើ បេសកកម្ម Chandrayaan-2 នឹងចេញដំណើរពីកោះ Sriharikota ក្នុងរដ្ឋ Andhra Pradesh ភាគខាងត្បូងប្រទេសឥណ្ឌា។ ក្រោយបាញ់ចេញពីផែនដី យាន Orbiter របស់បេសកកម្មនេះ នឹងធ្វើដំណើរចម្ងាយ ៣៨២,០០០គីឡូម៉ែត្រ មុនពេលទម្លាក់យាន Lander ឲ្យចុះទៅជាន់ផ្ទៃព្រះច័ន្ទនៅថ្ងៃទី០៦ ឬថ្ងៃទី០៧ ខែកញ្ញាខាងមុខ។

បេសកកម្មនេះមានផ្ទុកយានពីរគ្រឿងក្នុងនោះ Orbiter ដែលដើរតួនាទីដូចផ្កាយរណប នៅហោះជុំវិញព្រះច័ន្ទ និង Lander ដើម្បីបន្ទាបខ្លួនចុះទៅដល់ផ្ទៃព្រះច័ន្ទតែម្តង។ កាលពីបេសកកម្ម Chandrayaan-1 វិញ ឥណ្ឌាពុំមានភ្ជាប់ Lander ទៅជាមួយឡើយ។

គួរជម្រាបថា ប្រសិនបើការប៉ុនប៉ងបញ្ជូនយានចុះទៅជាន់ផ្ទៃព្រះច័ន្ទ ទទួលបានជោគជ័យ ឥណ្ឌានឹងក្លាយជាប្រទេស ០៤ហើយ ដែលបានសម្រេចគោលដៅនេះ បន្ទាប់ពីអាមេរិក រុស្ស៊ី និងចិន ខណៈកាលពីខែមេសា អ៊ីស្រាអែលក៏បានព្យាយាមធ្វើបែបនេះដែរ ប៉ុន្តែទទួលបរាជ័យ ក្នុងអំឡុងការចុះចតដោយយានរបស់អ៊ីស្រាអែល បានរលត់ម៉ាស៊ីនហើយធ្លាក់បុកផ្ទៃព្រះច័ន្ទ៕

LEAVE A REPLY

Please enter your comment!
Please enter your name here