សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យរួមគ្នាទប់ស្កាត់ព័ត៌មានក្លែងបន្លំ និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា

0

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំពាវនាវឱ្យរួមគ្នាបង្កើនកិច្ចសហប្រតិបត្តិការ ទប់ស្កាត់ព័ត៌មានក្លែងបន្លំ និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា តាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន តាមរយៈការផ្សព្វផ្សាយព័ត៌មានពិត ដើម្បីបន្សាបព័ត៌មានក្លែងបន្លំ។

ការអំពាវនាវរបស់ប្រមុខដឹកនាំកំពូលកម្ពុជា បានធ្វើឡើងនៅព្រឹកថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ ក្នុងឱកាសសម្តេចអញ្ជើញជាអធិបតី បើកជាផ្លូវការនូវសន្និសីទកំពូល «សារព័ត៌មានអាស៉ី» លើកទី១៦ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា ក្នុងខេត្តសៀមរាប។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា បច្ចេកវិទ្យាឌីជីថលនៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន បានផ្តល់គុណវិបត្តិផ្សេងៗ ដែលធ្វើឱ្យសកលលោកកំពុងប្រឈមទៅនឹង ព័ត៌មានក្លែងបន្លំ ការញុះញង់បញ្ឆេះកំហឹង ការជេរប្រមាថដោយការស្អប់ខ្ពើម និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា ដូចជាការហែកចូលបំផ្លាញឯកសារសាធារណៈ ការជំរិតទារប្រាក់តាមប្រព័ន្ធអនឡាញ ការរំលោភលើសិទ្ធិបុគ្គលជាដើម បាននិងកំពុងគំរាមដល់សន្តិសុខតំបន់ និងសកលលោកទាំងមូល។ ដូច្នេះតម្រូវឱ្យភាគីពាក់ព័ន្ធទាំងអស់ រួមគ្នាបង្កើននូវកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធថែមទៀត ទាំងក្នុងក្របខណ្ឌទ្វេភាគី ក្របខណ្ឌក្នុងតំបន់ និងសកលលោក ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងព័ត៌មានក្លែងបន្លំ និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យានេះ។

បើតាមប្រសាសន៍សម្តេចតេជោនាយករដ្ឋមន្ត្រី, នៅក្នុងកិច្ចប្រជុំកំពូលឤស៉ី-អឺរ៉ុបនៅទីក្រុង ប៊្រុចសែល នាពេលកន្លងទៅថ្មីៗនេះ បណ្តាប្រទេសនៅអឺរ៉ុបទាំងអស់ សុទ្ធតែបានលើកឡើងអំពីការព្រួយបារម្ភ នូវព័ត៌មានក្លែងបន្លំ និងឧក្រិដ្ឋកម្មបច្ចេកវិទ្យាព័ត៌មាននាពេលបច្ចុប្បន្ននេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here