ក្រុមហ៊ុន Google កំពុងពន្លឿនការផ្លាស់ប្តូរផលិតកម្មចេញពីចិន ទោះបីជារឿងលំបាកខ្លាំង ដើម្បីគេចផុតពីពន្ធ២៥%របស់អាមេរិក

0

ក្រុមហ៊ុនបច្ចេកវិទ្យា Google របស់អាមេរិកកំពុងតែពន្លឿនការផ្លាស់ប្តូរ​ទីតាំងផលិតកម្មចេញពីប្រទេសចិន ដើម្បីជៀសផុតការពីការដំឡើងពន្ធ ២៥ភាគរយ របស់រដ្ឋាភិបាលអាមេរិក ទៅលើទំនិញដែលនាំចូលពីចិន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Bloomberg នៅរសៀលថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០១៩។

បើតាម Bloomberg បានឲ្យដឹងថា ក្នុងការព្យាយាមដើម្បីកុំឲ្យជាប់ការដំឡើងពន្ធរបស់អាមេរិក ក្រុមហ៊ុន Google បាននិងកំពុងធ្វើការផ្លាស់ប្តូរទីតាំងផលិតកម្មនៃឧបករណ៍ Hardware មួយចំនួនរបស់ខ្លួនចេញពីប្រទេសចិន។ កន្លងមកនេះ Google បានរុះរើការផលិតបន្ទះ Motherboard មួយចំនួនធំរបស់ខ្លួន ដែលត្រូវបញ្ជូនមកអាមេរិក ទៅកាន់តៃវ៉ាន់រួចស្រេចទៅហើយ។ ក្រៅពីនេះ Google ក៏បានពិចារណាផ្លាស់ប្តូរទីតាំងផលិត​ឧបករណ៍ក្រុមហ៊ុន Nest របស់ Google ដែលត្រូវនាំចេញមកអាមេរិកទៅកាន់កោះតៃវ៉ាន់ និងម៉ាឡេស៊ីផងដែរ ប៉ុន្តែវានឹងក្លាយជារឿងលំបាកបំផុតមួយ។

គួរជម្រាបថា បច្ចុប្បន្នក្រុមហ៊ុន Google ក៏ត្រូវគេរាយការណ៍ថា កំពុងខិតខំបញ្ចុះបញ្ចូលរដ្ឋាភិបាលអាមេរិក សម្រាប់ការអនុញ្ញាតឲ្យបន្តការផ្គត់ផ្គង់ប្រតិបត្តិការ Android ដល់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei ផងដែរ ដោយក្រុមហ៊ុនអាមេរិកនេះបានព្រមានថា បើទីក្រុងវ៉ាស៊ីនតោន នៅតែចចេសអនុវត្តន៍បម្រាមពាណិជ្ជកម្មលើ Huawei វានឹងបង្កហានិភ័យផ្នែកសន្តិសុខ​ដល់សហរដ្ឋអាមេរិកជាក់ជាពុំខាន។ បន្ថែមពីនេះ Google ក៏កំពុងរិះរកវិធីដែលអាចឲ្យខ្លួន​បន្តផ្តល់សេវាដល់ Huawei ដោយមិនចាំបាច់មានការសុំអនុញ្ញាតពីរដ្ឋាភិបាលផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here