បិតាស្ថាបនិក៖ Huawei សម្រេចបោះទុន១០០ពាន់លានដុល្លារលើការអភិវឌ្ឍ៥ឆ្នាំ, ទណ្ឌកម្មអាមេរិកមិនអាចបញ្ឈប់ Huawei បានឡើយ

0

ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei នឹងសម្រេចបោះទុនវិនិយោគចំនួន ១០០ពាន់លានដុល្លារ សម្រាប់រយៈពេល០៥ឆ្នាំខាងមុខ ដើម្បីធ្វើឲ្យបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្នែកទូរគមនាគមន៍ កាន់តែមានប្រសិទ្ធភាព និងអាចជឿទុកចិត្តបានកាន់តែខ្លាំងថែមទៀត។ នេះបើតាមការផ្សាយចេញដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០១៩។

នាយកប្រតិបត្តិ និងជាបិតាស្ថាបនិករបស់ក្រុមហ៊ុន Huawei គឺលោក រិន ចេងហ្វៃ (Ren Zhengfei) បានគូសបញ្ជាក់បែបនេះ នៅក្នុងអំឡុងកិច្ចពិភាក្សាគ្នាមួយ នៅឯទីស្នាក់ការកណ្តាលរបស់ Huawei ក្នុងទីក្រុងស៊ិនជិន (Shenzhen) នៃប្រទេសចិននាថ្ងៃចន្ទនេះ។ លោក Ren បានបន្ថែមថា ទោះបីក្រុមហ៊ុនលោកត្រូវខាតបង់ផ្នែកហិរញ្ញវត្ថុ ដោយសារតែឥទ្ធិពលទណ្ឌកម្មរបស់អាមេរិក ក៏ដោយក៏លោកនៅតែមានការប្តេជ្ញាខ្ពស់ ដោយមិនកាត់បន្ថយការចំណាយ លើកិច្ចប្រឹងប្រែងស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ត-បច្ចេកវិទ្យា នាពេលអនាគតឡើយ។

លោក Ren បានលើកឡើងទៀតថា ការដាក់សម្ពាធនិងរាំងខ្ទប់របស់សហរដ្ឋអាមេរិក នឹងមិនអាចរារាំង ក្រុមហ៊ុន Huawei ពីការបោះជំហានតទៅមុខដាច់ខាត។ លោកថែមទាំងបាន​សង្កត់ធ្ងន់ទៀតថា គោលដៅធំរបស់សង្គមនុស្ស គឺបង្កើតភាពសុខដុម និងជួយឲ្យមនុស្សរួចចាក​ផុតពីភាពក្រីក្រ ហើយមានតែកិច្ចសហការ និងការអភិវឌ្ឍប៉ុណ្ណោះ ទើបអាចបំពេញតម្រូវការ​របស់មនុស្សទាំងនេះបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here