ថ្មីៗនេះមាន Hacker មួយក្រុមបានព្យាយាមវាយប្រហារលើ National Grid ដែលជាប្រព័ន្ធបញ្ជូនចរន្តអគ្គិសនីរបស់សរហដ្ឋអាមេរិក ជាហេតុបង្កឲ្យមានការព្រួយបារម្ភខ្លាំងដល់ក្រុមអ្នកជំនាញ។
ត្បិតការវាយប្រហារនេះមិនទទួលបានជោគជ័យ តែតាមរយៈការតាមដានរបស់ភ្នាក់ងារជំនាញ E-ISAC និងក្រុមហ៊ុន Dragos បានបង្ហាញថា Hacker មួយក្រុមនោះ មានប្រភពចេញពីប្រទេសរុស្ស៊ី ដោយសង្កត់ធ្ងន់ថា Hacker បានរកឃើញពីចំណុចខ្សោយនៃប្រព័ន្ធដំណើរការចរន្តអគ្គិសនីរបស់អាមេរិកនិងព្យាយាមលុកចូលដើម្បីកាន់កាប់ឲ្យបានសម្រេច។
ទោះបីការលុកលុយលើកនេះមិនទទួលបានជោគជ័យ ប៉ុន្តែក៏នៅតែជាសារព្រួយបារម្ភដល់ក្រុមអ្នកជំនាញ ព្រោះកន្លងទៅការវាយប្រហារស្រដៀងគ្នានេះក៏ធ្លាប់កើតមានជាញឹកញយ។
សោតយ៉ាងដូចជា Xenotime ជាអ្នកបង្កើតកម្មវិធី Triton បានលុកលុយចូលហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន ធ្លាប់កាន់កាប់បានរោងចក្រថាមពលរហូតចារឈ្មោះ Triton ជា malware ដ៏គ្រោះថ្នាក់បំផុតមួយក្នុងលោក។
ស្រដៀងគ្នានេះនៅប្រទេសអ៊ុយក្រែនកាលពីឆ្នាំ ២០១៥ ក្រុម Hacker ធ្លាប់វាយប្រហារបានជោគជ័យ ដោយផ្អាកដំណើរការអគ្គិសនីប្រមាណ ៧៣ MWH ឬស្មើនឹង ០,០១៥ ភាគរយនៃទំហំអគ្គិសនីប្រើប្រាស់សរុបប្រចាំថ្ងៃក្នុងស្រុក។
