ដោយសារបារម្ភថាអាចនឹងខាតបង់ទឹកប្រាក់រាប់ពាន់លានដុល្លារលើការជួយដូរជាមួយ Huawei ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់អាមេរិកបានលួចបញ្ចុះបញ្ចូលរដ្ឋបាល ដូណាល់ ត្រាំ ឲ្យបន្ធូរបន្ថយការហាមឃាត់មិនឲ្យក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក លក់គ្រឿងបន្លាស់ឲ្យក្រុមហ៊ុនយក្សចិន។
Huawei បានចំណាយប្រមាណ ១១ ពាន់លានដុល្លារកាលពីឆ្នាំ ២០១៨ លើការទិញគ្រឿងបន្លាស់ពីក្រុមហ៊ុនអាមេរិកជាច្រើន រួមមានឈីបពីក្រុមហ៊ុន Qualcomm និង Software ពីក្រុមហ៊ុន Microsoft/Google ជាដើម។ ក្រុមហ៊ុនអាមេរិកនឹងមិនអាចរកស៊ីជាមួយ Huawei បានតទៀត ពេលដែលអាជ្ញាប័ណ្ណបណ្ដោះអាសន្នរយៈពេល ៩០ ថ្ងៃបានផុតកំណត់ ពោលនៅថ្ងៃទី ២០ ខែសីហាខាងមុខនេះ។
ដើម្បីទប់ស្កាត់ការខាតបង់នេះ ក្រុមហ៊ុនធំៗដូចជា Intel, Qualcomm និង Xilinx បានបញ្ចុះបញ្ចូលក្រសួងសេដ្ឋកិច្ចឲ្យបន្ធូរបន្ថយការហាមឃាត់រកស៊ីជាមួយ Huawei។ នេះបើតាមការចុះផ្សាយរបស់ Reuters ដោយមានសម្រង់សម្ដីពីប្រភពថា ៖ “នេះមិនមែនជាការជួយ Huawei នោះទេ។ ប៉ុន្តែគឺជាការទប់ស្កាត់ផលប៉ះពាល់ដែលកើតមានលើក្រុមហ៊ុនអាមេរិក”។
ត្បិតថាដំណឹងលម្អិតនៃការចរចានេះមិនទាន់បានបង្ហាញ ប៉ុន្តែ Huawei បានសង្កត់ធ្ងន់ថា មិនបានសុំឲ្យក្រុមហ៊ុនអាមេរិកដែលជាដៃគូរកស៊ី ជួយបញ្ចុះបញ្ចូលរដ្ឋបាល ដូណាល់ ត្រាំ នោះឡើយ។ លោក Andrew Williamson អនុប្រធានផ្នែកកិច្ចការសាធារណៈរបស់ Huawei និយាយថា ៖ “ពួកគេធ្វើវា តាមចិត្តរបស់ខ្លួន ព្រោះថាសម្រាប់ពួកគេ (ភាគច្រើន) Huawei គឺជាអតិថិជនធំមួយ”។
សមាគមជួញដូរ និងបញ្ចុះបញ្ចូល SIA បានបញ្ជាក់អំពីជំនួបរវាងក្រុមហ៊ុនផលិតឈីប Qualcomm និងមន្ត្រីអាមេរិក ដែលជំនួបនេះបានចាប់ផ្ដើមភ្លាមៗ បន្ទាប់ពីអាមេរិកបានដាក់ Huawei ចូលក្នុងបញ្ជីខ្មៅនៅខែឧសភា ខណៈដែលក្រសួងពាណិជ្ជកម្មអាមេរិកនិយាយថា ជំនួបប្រភេទនេះ មិនបានជះឥទ្ធិពលដល់ការអនុវត្តច្បាប់ឡើយ៕