បង្កើតតាក់ស៊ីលើអាកាស ដើម្បី ជួយសម្រួល ចរាចរណ៍ធ្វើដំណើរលើដី? នេះមិនមែនជាគំនិតរវើរវាយនោះទេ ប៉ុន្តែ ជាគម្រោងពិតប្រាកដមួយ ដែល ក្រុមហ៊ុនផលិតយន្តហោះ Airbus ជាមួយ ក្រុមហ៊ុនព្រលានយន្តហោះទីក្រុងប៉ារីស បានប្រកាស នៅសប្តាហ៍នេះ នៅក្នុងពិព័រណ៌យន្តហោះអន្តរជាតិ នៅប្រទេសបារាំង។ គម្រោងបង្កើតតាក់ស៊ីលើអាកាសនឹងដាក់ឲ្យសាកល្បង នៅក្នុងឱកាសប្រកួតកីឡាអូឡាំពិក នៅឆ្នាំ ២០២៤ នៅទីក្រុងប៉ារីស។
នៅក្នុងពិព័ណ៌យន្តហោះអន្តរជាតិ (Salon du Bourget) នៅជាយក្រុងប៉ារីស ក្រុមហ៊ុនផលិតយន្តហោះ Airbus ក្រុមហ៊ុនព្រលានយន្តហោះ ប៉ារីស ហើយនិងក្រុមហ៊ុនដឹកជញ្ជូនបារាំង RATPបានប្រកាសពីការសិក្សារួមគ្នា មួយ ដើម្បី ដាក់ឲ្យសាកល្បងជាលើកទី១ គម្រោង តាក់ស៊ីលើអាកាស នៅក្នុងអំឡុងការប្រកួតកីឡាអូឡាំពិក ដែលត្រូវរៀបចំនៅប្រទេសបារាំង នៅឆ្នាំ ២០២៤។
នៅក្នុងពិព័រណ៌យន្តហោះអន្តរជាតិ លើកទី ៥៣ (ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៣មិថុនា ២០១៩) ក្រុមហ៊ុនផលិត យន្តហោះ Airbus បានដាក់តាំងបង្ហាញរួចហើយ យន្តហោះ តាក់ស៊ីលើអាកាស ឈ្មោះ Vahana ដែលគ្មានមនុស្សបើក និងមានកៅអីសម្រាប់អ្នកដំណើរតែម្នាក់។ តាមប្រធានក្រុមហ៊ុន Airbus លោក Guillaume Faury យន្តហោះតាក់ស៊ីលើអាកាសដែលអាចចុះចត ដូចឧទ្ធម្ភាគចក្រនឹងត្រូវកែច្នៃបន្ថែមទៀត ដើម្បីសម្របតាមចំនួន តម្រូវការរបស់អ្នកប្រើប្រាស់។
គេបានវាយតម្លៃថា នៅឆ្នាំ ២០១០ ជាលើកទី១នៅលើផែនដី មនុស្សពាក់កណ្តាលរបស់ភពផែនដី បានផ្លាស់ទីទៅរស់នៅតាមទីក្រុង។ ចំនួននេះនឹងកើនឡើង ដល់៦០ភាគរយ នៅឆ្នាំ ២០៣០។
សម្រាប់ លោក Edward Arkwright អគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុនព្រលានយន្តហោះ ប៉ារីស ADP តាក់ស៊ីលើអាកាសនឹងអាចជាមធ្យោបាយធ្វើដំណើរទៅថ្ងៃអនាគត ដើម្បី ជួយសម្រួលចរាចរណ៍ធ្វើដំណើរលើដី ដែលកាន់តែមមាញឹក កកស្ទះ។ លើសពីនោះ តាក់ស៊ីលើអាកាសដែលដើរដោយថាមពលអគ្គិសនី នឹងជួយបន្ធូរបន្ធយការបំពុលបរិស្ថាន ដែលបង្កឡើងដោយឧស្ម័នកាបូនិករបស់រថយន្ត និងយន្តហោះធម្មតា។
នៅក្នុងក្របខ័ណ្ឌគម្រោងតាក់ស៊ី លើអាកាស ក្រុមហ៊ុន ព្រលានយន្តហោះ ប៉ារីស គ្រោង នឹងសាងសង់ព្រលានយន្តហោះបៃតងថ្មីមួយ ដើម្បី ទទួលចុះចត តាក់ស៊ី Vahana របស់ក្រុមហ៊ុនAirbus ដើរដោយថាមពលអគ្គិសនី។ តាមគម្រោង តាក់ស៊ីលើអាកាសនឹងត្រូវប្រើប្រាស់សម្រាប់ភ្ជាប់ពីព្រលានយន្តហោះ ទៅកន្លែងកំសាន្ត Disney land ហើយនិងព្រលានយន្តហោះ ទៅកាន់កន្លែងប្រកួតកីឡាអូឡាំពិក ឆ្នាំ ២០២៤ នៅជាយក្រុងប៉ារីស៕