- Evgeniy Mikhaylovich Bogachev
មានឈ្មោះហៅក្រៅថា “Slavik” Bogachev គឺជាអ្នកបង្កើតមេរោគគ្រោះថ្នាក់ជាច្រើន ដើម្បីវាយប្រហារធនាគារ។ Bogachev បានរងការចោទប្រកាន់ថាបានលួចលុយជាង ១០០ លានដុល្លារ ដោយប្រើមេរោគ GameOver Zeus នៅឆ្នាំ ២០១៤។ Hacker រូបនេះត្រូវបានគេដឹងថាមានទំនាក់ទំនងជាមួយចារកម្មរុស្ស៊ី។ គួរដឹងថា FBI នឹងផ្ដល់រង្វាន់ ៣ លានដុល្លារ ដល់អ្នកដែលមានដំណឹងអំពី Bogachev ដើម្បីឈានដល់ការចាប់ខ្លួន។
- ក្រុម DNC Hacker
តាមការឲ្យដឹងពី FBI ក្រុម DNC Hacker ជាក្រុមគ្រោះថ្នាក់មួយ មានគ្នាចំនួន ១២ នាក់ ដែលជាទាហានរុស្ស៊ី។ មានការរាយការណ៍ថាក្រុមនេះជាក្រុមមួយ ក្នុងចំណោមក្រុមវាយប្រហារខ្លាំងៗទាំងពីរក្រុមរបស់រដ្ឋាភិបាលរុស្ស៊ី។ នៅថ្ងៃទី ១៣ កក្កដា ២០១៨ ក្រុមនេះបានរងការចោទប្រកាន់ថាបានលួចចូលទៅក្នុង Server របស់គណៈកម្មការជាតិប្រជាធិបតេយ្យដើម្បីលួចយកទិន្នន័យអំឡុងឆ្នាំ ២០១៥ និង ២០១៦ រួចប្រើវាដើម្បីធ្វើឲ្យប៉ះពាល់ដល់ការបោះឆ្នោតរើសប្រធានាធិបតីអាមេរិកឆ្នាំ ២០១៦។
- ក្រុមវាយប្រហារ Yahoo
នៅខែមីនា ឆ្នាំ ២០១៧ ក្រសួងយុត្តិធម៌អាមេរិក ចោទប្រកាន់ Hacker ចំនួនបួននាក់ ដែលបានវាយប្រហារ Server Yahoo នៅឆ្នាំ ២០១៤ លួចយកទិន្នន័យអ្នកប្រើប្រាស់ជាង ៥០០ លាននាក់។ ក្រុមនេះមាន Alexsey Belan, Dmitriy Aleksandrovich Dokuchayev និង Igor Suchin ហើយម្នាក់ទៀតឈ្មោះ Karim Baratow។ Baratow ត្រូវបានចាប់ខ្លួននៅកាណាដា រួចបញ្ជូនទៅសហរដ្ឋអាមេរិកកាលពីឆ្នាំមុន ហើយត្រូវតុលាការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ ៥ ឆ្នាំទៀតផង។
- ក្រុម IRGC
នៅខែកុម្ភៈ ឆ្នាំ ២០១៩ សហរដ្ឋអាមេរិកបានចេញបញ្ជាឲ្យចាប់ខ្លួនបុរសសញ្ជាតិអ៊ីរ៉ង់ ៤ នាក់ នៃក្រុម IRGC និងអតីតមន្ត្រីចារកម្មនៃកងទ័ពអាកាសអាមេរិក ក្រោយពីពួកគេបានធ្វើការវាយប្រហារតាមរយៈអ៊ីមែល និងបណ្ដាញសង្គម។ កាលពីខែវិច្ឆិកា ឆ្នាំ ២០១៧ Behzad Mesri តែឯង បាន Hack ចូលក្រុមហ៊ុនទូរទស្សន៍ខ្សែកាប HBO និងបានបង្ហោះឈុតឆាកនៃសាច់រឿងដែលមិនទាន់ចេញផ្សាយ លើគណនី HBO ទៀតផង។
- Fujie Wang
Wang ត្រូវបានគេជឿថាជាសមាជិកម្នាក់នៃក្រុមចារកម្មអ៊ីនធឺណិតរបស់ចិន។ បុគ្គលម្នាក់នេះបានវាយប្រហារ Anthem ដែលជាក្រុមហ៊ុនធានារ៉ាប់រងធំទីពីរនៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ ២០១៥ ដោយបានធ្វើលេចធ្លាយទិន្នន័យសម្ងាត់របស់អតិថិជន ៨០ លាននាក់។
- ក្រុម SEA
នៅឆ្នាំ ២០១៦ ក្រសួងយុត្តិធម៌អាមេរិកចោទប្រកាន់បុរសជនជាតិស៊ីរី ៣ នាក់ នៃក្រុម Syrian Army Electronics Group (ហៅកាត់ SEA) ថាបានវាយប្រហារលើប្រព័ន្ធកុំព្យូទ័រនៃការិយាល័យរដ្ឋបាលប្រធានាធិបតី និងកងទ័ពជើងទឹកអាមេរិក។ មានម្នាក់ត្រូវបានចាប់ខ្លួន ឯពីរនាក់ទៀតឈ្មោះថា Ahmed al Agha និង Firas Dardar កំពុងស្ថិតក្នុងបញ្ជីតាមចាប់ខ្លួនរបស់ FBI។
- Park Jin Hyok
ក្នុងខែកញ្ញា ឆ្នាំ ២០១៨ Park Jin Hyok ត្រូវបានចោទប្រកាន់ថាបានប្រើប្រាស់មេរោគ WannaCry វាយប្រហារប្រព័ន្ធកុំព្យូទ័ររាប់លានជុំវិញពិភពលោក រួមមានក្រុមហ៊ុនអាមេរិក Lockheed Martin និង ផលិតកម្ម Sony Pictures ផងដែរ។ Hacker វ័យ ៣៤ ឆ្នាំនេះ ត្រូវបានគេជឿថាជាសមាជិកសំខាន់មួយនៃក្រុម Lazarus ជាក្រុម Hacker ដែលមានរដ្ឋាភិបាលកូរ៉េខាងជើងនៅពីក្រោយខ្នង។
- ក្រុម Jabberzeus
ក្រុម Jabberzeus បានប្រើប្រាស់មេរោគ Zeus ដោយដាក់ឈ្មោះថា Jabber Zeus ដើម្បីវាយប្រហារធានាគារធំៗ។ ក្រុមនេះមានសមាជិក ៩ នាក់ ប៉ុន្តែ ៦ នាក់ត្រូវបានចាប់ខ្លួននៅឆ្នាំ ២០១៤។ សេសសល់ ៣ នាក់ទៀតរួមមាន Vyacheslav Igorevich Penchukov (ខាងស្ដាំ) ជាមេក្រុម, Ivan Viktorvich Klepikov (ខាងឆ្វេង) ជាអ្នកគ្រប់គ្រងទិន្នន័យ និង Alexey Dmitrievich Bron ទទួលខុសត្រូវលើការផ្ទេរប្រាក់ទៅក្រៅប្រទេស៕