លោក Bill Gates ដែលអ្នកទាំងអស់គ្នាស្គាល់ថាជា ស្ថាបនិកក្រុមហ៊ុន Microsoft បានលើកឡើងពីបទពិសោធន៍ផ្ទាល់ក្នុងវេទិកាមួយមានឈ្មោះថា Village Global ស្ដីពីសហគ្រិនភាព។ ក្រោយពេលប៉ះនឹងសំណួររសើបមួយដែលពិធីការិនីបានជជីកសួរដេញដោល លោក Bill Gates បានសារភាពថា “កំហុសធំបំផុតក្នុងជីវិតគឺ បណ្ដោយឲ្យប្រព័ន្ធដំណើរការ Microsoft ប្រកួតចាញ់ Android”។ កំហុសនោះហើយបានធ្វើខាតបង់ប្រាក់ជាង ៤០០ ប៊ីលានដុល្លារឯណោះ។
លោកបានបន្ថែមថា នៅក្នុងពិភពនៃការប្រកួតប្រជែងការបង្កើតប្រព័ន្ធដំណើរការកម្មវិធី បើអ្នកផលិតបានប្រព័ន្ធដែលគេនិយមប្រើច្រើន ហើយថែមទាំងក្ដោបបានទីផ្សារទាំងមូល នោះអ្នកនឹងឈ្នះ។ ដូចគ្នាអីចឹងដែរ គ្រាដែលនៅដឹកនាំ Microsoft ការគ្រប់គ្រងរបស់លោកមិនល្អ ហាក់មានភាពរញ៉េរញ៉ៃ បង្កើតបានប្រព័ន្ធមួយដែលអ្នកប្រើប្រាស់មិននិយម ឬនិយាយខ្លីថាពិបាកប្រើ ខុសផ្ទុយពី Android ដែលជាទម្រង់ Platform ស្តង់ដារ Open Source។
ក្នុងដំណាក់កាលដែល Android កំពុងឡើងកូដ តើអ្នកដឹងទេ ថាទម្រង់ Platform ស្តង់ដារ Open Source នោះរកចំណូលបានប៉ុន្មាន? បើអាចត្រឡប់អតីតកាលនោះជាការជោគជ័យរបស់ Microsoft វិញ ជាការពិតណាស់ លុយជាង ៤០០ ប៊ីលានដុល្លារនឹងហូរចេញពីក្រុមហ៊ុន G ចូលកុងក្រុមហ៊ុន M។ (សើច..)៕