នៅថ្ងៃទី ៣ខែកក្កដា អ្នកប្រើប្រាស់បណ្ដាញសង្គម Facebook, WhatsApp និង Instagram ជាច្រើនទូទាំងពិភពលោកមិនអាចបង្ហោះរូបភាព ឬផ្ញើ និងទទួលរូបភាព វីដេអូ និងឯកសារលើបណ្ដាញទំនាក់ទំនងទាំង ៣ នេះ។
Facebook បានឲ្យដឹងនៅព្រឹកនេះថា បញ្ហានេះបានដោះស្រាយរួចរាល់ហើយ នៅលើបណ្ដាញសង្គមទាំង ៣ ហើយមូលហេតុគឺបែបនេះ ៖ “អំឡុងពេលនៃការប្រតិបត្តិការជួសជុល (Maintenance) ជាប្រចាំមួយរបស់យើង យើងធ្វើឲ្យកើតមានបញ្ហាមួយ ដែលធ្វើឲ្យអ្នកប្រើមួយចំនួនពិបាកបង្ហោះរូប ឬផ្ញើរូបភាព និងវីដេអូ”។
គួរដឹងថាបញ្ហាស្រដៀងគ្នានេះបានកើតឡើងកាលពីខែមីនា ហើយពេលនោះ Facebook និយាយថា អាចនឹងពិចារណាអំពីការសងប្រាក់វិញដល់អ្នកដែលបានប្រើសេវាកម្មផ្សាយពាណិជ្ជកម្ម ក្នុងអំឡុងពេលកើតមានបញ្ហានេះ។ ចំពោះបញ្ហាលើកនេះ Facebook មិនទាន់បានឆ្លើយតបនឹងចំណុចនេះនៅឡើយទេ ខណៈដែលក្រុមហ៊ុននេះអាចរកចំណូលរាប់សិបលានដុល្លារប្រចាំថ្ងៃពីការជួលផ្ទាំងផ្សាយពាណិជ្ជកម្ម៕