ស្ថាបនិករបស់ក្រុមហ៊ុន Apple លោក Steve Wozniak បានផ្តល់នូវយោបល់សម្រាប់អ្នកប្រើប្រាស់ Facebook ឲ្យគួរពិចារណាបញ្ឈប់ការប្រើប្រាស់ ក្រោយលោកមើលឃើញពីកង្វះខាតនៃឯកជនភាពនាពេលកន្លងមក។
ជជែកប្រាប់សារព័ត៌មាន TMZ មិត្តចាស់របស់ Steve Jobs រូបនេះមានប្រសាសន៍ថា៖ “Facebook ធ្វើឲ្យបាត់បង់នូវឯកជនភាពរបស់យើង ហើយសម្រាប់ខ្ញុំសុំណែនាំទៅកាន់មនុស្សភាគច្រើនអ្នកគួរតែរិះរកមធ្យោបាយដកខ្លួនចេញពី Facebook”។
លោកបន្តថា៖ “គ្រប់យ៉ាងអំពីអ្នក មិនថាចង្វាក់បេះដូងអាចវាស់បានត្រឹមប្រើប្រាស់ឡាស៊ែរ ហើយពួកគេអាចស្តាប់អ្វីដែលអ្នកនិយាយតាមរយៈឧបករណ៍ជាច្រើន តើនរណាទៅដឹងថាទូរសព្ទរបស់ខ្ញុំ កំពុងស្តាប់អ្វីដែលខ្ញុំកំពុងនិយាយពេលនេះ បែបនេះខ្ញុំព្រួយបារម្ភព្រោះមានការសន្ទនាខ្លះដែលខ្ញុំគិតថាវាត្រូវការភាពឯកជន”។
បញ្ជាក់ថាកាលពីខែមិនា ឆ្នាំ ២០១៨ កន្លងទៅ Wozniak បានលុបចោលគណនី Facebook របស់ខ្លួន បន្ទាប់ពីក្រុមហ៊ុនបណ្តាញសង្គមយក្សអាមេរិកមួយនេះជួបរឿងអាស្រូវបែកធ្លាយទិន្នន័យចេញពីក្រុមហ៊ុន Cambridge Analytica ដែលបានទម្លាយចេញនូវទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់រាប់លាននាក់ជុំវិញពិភពលោក។