WannaLocker ជាប្រភេទមេរោគជំរិតទារប្រាក់ ដែលស្រដៀងនឹងមេរោគ WannaCry ដែលបានវាយលុកពិភពលោកអំឡុងខែឧសភា ឆ្នាំ២០១៧។ លើសពីនេះទៀត WannaLocker បានបន្ថែមនូវមុខងារមួយចំនួនដូចជា មុខងារបញ្ជាទូរសព្ទជនរងគ្រោះពីចង្ងាយ (Remote Administration Tool – RAT) និងមុខងារលួចព័ត៌មានហិរញ្ញវត្ថុ (Banking Trojan)។
នាយកដ្ឋានដដែល បានបន្តថា បច្ចុប្បន្នមេរោគនេះកំពុងផ្តោតគោលដៅវាយប្រហារលើបណ្តាអ្នកប្រើប្រាស់ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android ក្នុងប្រទេសចិន តាមរយៈ plugin របស់ហ្គេម ដែលកំពុងពេញនិយម (King of Glory) ក្នុងប្រទេសមួយនេះ។
បន្ទាប់ពីឆ្លងមេរោគ WannaLocker ទូរសព្ទរងគ្រោះនឹងប្តូររូបភាពជារូបតុក្កតា ចំនែកឯកសារក្នុង External Storage នឹងត្រូវជាប់លេខសម្ងាត់ និងលេចឡើងផ្ទាំងផ្តល់ព័ត៌មានដើម្បីបង់ប្រាក់ដោះលេខសម្ងាត់ឯកសារទាំងនោះ។
ខាងក្រោមនេះគឺជាវិធីសាស្ត្រមួយចំនួន ដែលអាចការពារទូរសព្ទដៃរបស់អ្នកពីមេរោគ ឬការបាត់បង់ឯកសារ៖
១) ត្រូវមានការប្រុងប្រយ័ត្ន នៅពេលទាញយកកម្មវិធីផ្សេងៗ ជាពិសេសពីប្រភពមិនច្បាស់លាស់
២) ដំឡើងកម្មវិធីការពារមេរោគក្នុងទូរសព្ទ
៣) ធ្វេីការ Backup ឯកសារសំខាន់ៗ
៤) ធ្វេីបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការទូរសព្ទជាប្រចាំ។