លោក ដូណាល់ ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិក បានល្មើសវិសោធនកម្មដំបូង ដោយបានប្លុកអ្នករិះគន់របស់ខ្លួននៅលើបណ្ដាញ Twitter។ នេះជាការសម្រេចរបស់តុលាការឧទ្ធរណ៍នាថ្ងៃនេះ ដែលបានច្រានចោលសំណើរបស់សេតវិមានក្នុងការបដិសេធការសម្រេចរបស់តុលាការជាន់ទាប។
អ្នកប្រើប្រាស់ Twitter មួយចំនួនដែលត្រូវបានប្លុកដោយគណនី @realDonaldTrump តំណាងដោយ Knight First Amendment Institute បានដាក់ពាក្យបណ្ដឹងនៅឆ្នាំ ២០១៧ ដែលអះអាងថាសិទ្ធរដ្ឋធម្មនុញ្ញក្នុងការប្រាស្រ័យទាក់ទងនឹងមន្ត្រីនៅទីសាធារណៈរបស់ពួកគេ ត្រូវបានរំលោភបំពាន។
ការទាស់ទែងនេះ បានធ្វើឲ្យគេគិតថាតើគណនីរបស់លោក ត្រាំ ដែលប្រើប្រាស់មុនពេលក្លាយជាប្រធានាធិបតីគឺជាគណនីផ្ទាល់ខ្លួន ឬជាគណនីមន្ត្រីផ្លូវការ។ តុលាការជាន់ទាបបានរកឃើញកាលពីឆ្នាំមុនថា លោក ត្រាំ បានប្រើប្រាស់គណនីមន្ត្រីផ្លូវការ ហើយការប្លុកអ្នកប្រើប្រាស់គឺជាការរឹតត្បិតរបស់រដ្ឋាភិបាលចំពោះការបញ្ចេញមតិ។
សេតវិមានបានប្ដឹងឧទ្ធរណ៍ ប៉ុន្តែតុលាការឧទ្ធរណ៍បានរកឃើញថាការសម្រេចរបស់តុលាការជាន់ទាបគឺជារឿងត្រឹមត្រូវ។ តុលាការឧទ្ធរណ៍បានលើកឡើងថាគណនីបណ្ដាញសង្គមដែលប្រើប្រាស់សម្រាប់កិច្ចការជាតិ គួរតែបើកចំហលើការសន្ទនាគ្នា៕