តាមរយៈការស្រាវជ្រាវរបស់ភ្នាក់ងារ Check Point បានរកឃើញ Malware ថ្មីមួយលើប្រព័ន្ធ Android ឲ្យឈ្មោះថា “Agent Smith” ដែលកំពុងបង្កផលប៉ះពាល់ដល់ឧបករណ៍ប្រមាណ ២៥ លានគ្រឿងទូទាំងសកលលោក។
មិនសម្លឹងដល់ការលួចទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់ ផ្ទុយទៅវិញមេរោគនេះធ្វើការ Hack ចូលទៅក្នុង App នៅលើឧបករណ៍ ដើម្បីបង្កើនការបង្ហាញផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មលើសពីធម្មតា ជាគោលដៅអាចបង្កើនចំណូលជាច្រើនដល់ជនខិលខូចទាំងនោះ។
ជាងនេះ Check Point បានសង្កត់ធ្ងន់ថាកម្មវិធីធំៗដូចជា WhatsApp, Opera Mini ឬ Flipkart ជាគោលដៅចម្បងដែលស្ថិតក្រោមការវាយប្រហារ ហើយ Hacker បានប្រើប្រាស់មធ្យោបាយបញ្ចូលកូដដើម្បីរារាំងមិនឲ្យ App ទាំងនោះអាចធ្វើបច្ចុប្បន្នភាពបន្តទៀតបាន។
នៅឥណ្ឌាបានរងផលប៉ះពាល់ខ្លាំងបំផុត ដោយមានស្មាតហ្វូនប្រមាណ ១៥ លានគ្រឿង ខណៈនៅអាមេរិក Agent Smith បានជ្រៀតចូលទៅកាន់ឧបករណ៍ប្រមាណ ៣០០ ០០០ គ្រឿង។ កន្លងទៅមេរោគនេះក៏បានជ្រៀតខ្លួនចូលទៅ App ចំនួន ១១ នៅលើ Google Play Store ប៉ុន្តែត្រូវបានសាបទៅវិញ ក្រោយពីក្រុមហ៊ុនយក្សអាមេរិកត្រួតពិនិត្យរកឃើញ។
ដើមចមនៃបញ្ហានេះ សម្រាប់អ្នកប្រើប្រាស់ក្នុងប្រទេសឥណ្ឌាមួយភាគធំរមែងទាញយក App តាមរយៈ Store ខុសពី Google Play ដោយឲ្យឈ្មោះថា 9Apps ហើយបន្ទាប់ពីម្ចាស់ឧបករណ៍បានធ្វើការទាញយក App ណាមួយចេញពីកម្មវិធីខាងលើ Malware ក៏បានបន្លំឲ្យអ្នកប្រើបន្តទាញយក App មួយផ្សេងទៀតប្រើប្រាស់ឈ្មោះ “Google Updater” ដែលនេះជាឱកាសនៃដំណាក់កាលបញ្ចូលកូដឆ្លងមេរោគចូលទៅក្នុងម៉ាស៊ិន។