សម្រាប់អ្នកដែលទន្ទឹងរង់ចាំការបញ្ចេញប្រព័ន្ធប្រតិបត្តិការរបស់ Huawei ថ្មី អាចជំនួសឲ្យប្រព័ន្ធប្រតិបត្តិការ Android ដែលគេឲ្យឈ្មោះថា HongMeng នោះ អាចនឹងខកចិត្តពេលបានដឹងដំណឹងចេញពីប្រធានក្រុមហ៊ុន Huawei ដែលបាននិយាយកាលពីថ្ងៃសុក្រ។
លោក Liang Hua ប្រធានក្រុមហ៊ុន Huawei បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងស៊ិនចិនថា ៖ “យើងមិនទាន់បានសម្រេចចិត្តនៅឡើយទេថា HongMeng អាចអភិវឌ្ឍន៍ចេញជាប្រព័ន្ធប្រតិបត្តិការសម្រាប់ស្មាតហ្វូននាពេលអនាគត ឬយ៉ាងណានោះ”។ លោកបន្ថែមទៀតថា វាអាចមានការប្រែប្រួលប្រសិនបើសហរដ្ឋអាមេរិកដាក់ Huawei ចូលបញ្ជីខ្មៅម្ដងទៀត ហើយ Android ជ្រុះចេញពីដៃរបស់ Huawei។
លោក Liang ក៏បានរំឭកសម្ដីរបស់ស្ថាបនិក Huawei លោក Ren Zhengfei ដែលបានប្រាប់ដល់សារព័ត៌មានបារាំង Le Point កាលពីថ្មីៗថា “HongMeng មិនមែនឌីហ្សាញមកសម្រាប់ស្មាតហ្វូនដូចគ្រប់គ្នាគិតនោះទេ។ យើងមិនមែនបង្កើត OS នេះសម្រាប់ជំនួស Google ហើយប្រសិនបើ Google ដក OS របស់ខ្លួនពី Huawei យើងនឹងត្រូវចាប់ផ្ដើមបង្កើតប្រព័ន្ធអេកូ ព្រោះយើងមិនទាន់មានផែនការច្បាស់លាស់នៅឡើយទេ”។
វាកាន់តែច្របូកច្របល់នៅ ពេលនឹកដល់ដម្ដីលោក Richard Yu នាយកប្រតិបត្តិផ្នែកផលិតផលប្រាប់ដល់មហាជននៅប្រទេសចិនកាលពីខែឧសភាថា “OS ថ្មីអាចនឹងមានប្រើនៅអំឡុងពាក់កណ្ដាលឆ្នាំនេះ ឬយ៉ាងយូរនៅត្រីមាសទីពីរឆ្នាំក្រោយ”។ លោក Yu និយាយថា “OS ថ្មីបានស្ថិតក្នុងការផលិតតាំងពីឆ្នាំ ២០១២ ហើយអាចប្រើជាមួយកម្មវិធី Android ហើយអាចមានដំណើរការលឿនជាង Android ៦០% ទៀតផង”។
ការចាប់អារម្មណ៍ចំពោះ HongMeng បានកើតមានឡើងនៅពេល Huawei មានឈ្មោះក្នុងបញ្ជីខ្មៅរបស់អាមេរិក ហើយមានសារព័ត៌មានជាច្រើនចេញផ្សាយថា OS ថ្មីនេះអាចនឹងលេចមុខដំណាលការប្រកាស Mate 30 នាឆ្នាំនេះ។ ដូចនេះដំណឹងថ្មីចេញពីប្រធាន Huawei ធ្វើឲ្យអ្នកទន្ទឹងរង់ចាំខកចិត្តមិនតិចទេ៕