នៅថ្ងៃពុធកន្លងទៅនេះក្រុមហ៊ុន Facebook បានព្រមព្រៀងទូទាត់លើការផាកពិន័យប្រមាណ ៥ ពាន់លានដុល្លារពីស្ថាប័ន FTC ដែលចោទប្រកាន់លើការរំលោភឯកជនភាពរបស់អ្នកប្រើប្រាស់។ រំលងប៉ុន្មានម៉ោងក្រុមហ៊ុនមានមូលដ្ឋាននៅសហរដ្ឋអាមេរិកក៏ប្រកាសពីតួលេខចំណូលនៅត្រីមាសទី ២ ដែលមើលឃើញពីភាពល្អប្រសើរច្រើនធៀបនឹងឆ្នាំទៅ។
នៅត្រីមាសទី ២ ឆ្នាំនេះ Facebook កើបចំណូលបាន ១៦,៩ ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ ២៨ ភាគរយធៀបនឹងឆ្នាំចាស់បាន ១៣,២ ពាន់លានដុល្លារ។ សម្រាប់កំណើនអ្នកប្រើប្រាស់សកម្មប្រចាំថ្ងៃ បណ្តាញសង្គមយក្សមួយនេះទទួលបានតួលេខ ១,៥៩ ពាន់លានគណនី កើនឡើង ៨ ភាគរយ។
ជាងនេះចំណូលជាមធ្យមទទួលបានពីអ្នកប្រើប្រាស់ក្នុងម្នាក់ បានកើនឡើង ១៨ ភាគរយ រុញឲ្យ Facebook អាចទទួលបាន ៧,០៥ ដុល្លារសម្រាប់អ្នកប្រើប្រាស់ម្នាក់។
នាយកប្រតិបត្តិលោក Mark Zuckerberg បាននិយាយជុំវិញការប្រកាសពីចំណូលនៅត្រីមាសទីពីរដូច្នោះថា៖ “យើងទទួលបានលទ្ធផលដ៏រឹងមាំមួយនៅត្រីមាសនេះ ហើយអាជីវកម្មនិងសហគមន៍របស់យើងនៅតែបន្តមានការកើនឡើង ដោយយើងក៏បានបន្តវិនិយោគនូវប្រព័ន្ធការពារឯកជនភាពសម្រាប់អ្នករាល់គ្នា និងពាំនាំនូវបទពិសោធន៍ថ្មីជាច្រើនដល់អ្នកប្រើប្រាស់សេវាកម្មរបស់យើង”៕