វេណេស៊ុយអេឡា បានចោទសហរដ្ឋអាមេរិកថា បានបំពានជាថ្មីម្តងទៀតមកលើដែនអាកាសរបស់ខ្លួន ខណៈកាលពីសប្តាហ៍ហេតុការណ៍ស្រដៀងគ្នានេះក៏បានកើតឡើងដែរ ដោយនាពេលនោះទីក្រុងវ៉ាស៊ីនតោន បានបន្ទោសទីក្រុងការ៉ាកាស់ថា បានបញ្ជូនយន្តហោះចម្បាំងមកតាមប្រដេញយន្តហោះអាមេរិក ដោយគ្មានវិជ្ជាជីវៈទាល់តែសោះ នៅលើសមុទ្រការីបៀន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី RT នៅរសៀលថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៩។
បើតាមការអះអាងរបស់យោធាវេណេស៊ុយអេឡា នាចុងសប្តាហ៍នេះ យន្តហោះអាមេរិកធុន Lockheed EP-3 ដែលជាប្រភេទយន្តហោះស៊ើបការណ៍ដូចកាលពីសប្តាហ៍មុនដែរ បានហោះរំលោភចូលអាកាសប្រទេសវេណេស៊ុយអេឡា នៅក្បែរទីក្រុង Maiquetia ហើយបានហោះក្រឡឹងតំបន់នោះអស់៣ម៉ោង។
សប្តាហ៍កន្លងទៅ ក៏មានរឿងហេតុស្រដៀងគ្នានេះកើតឡើងដែរ។ គ្រានោះវេណេស៊ុយអេឡា បានចល័តយន្តហោះចម្បាំងខ្លួនធុន Su-30 ឲ្យទៅស្កាត់យន្តហោះប្រភេទ EP-3 ដដែលរបស់អាមេរិក ខណៈទីក្រុងវ៉ាស៊ីនតោន បានបន្ទោសយន្តហោះចម្បាំងរបស់វេណេស៊ុយអេឡាថា បានហោះមកកៀកខ្លាំង និងតាមប្រដេញយន្តហោះរបស់ខ្លួន យ៉ាងគ្រោះថ្នាក់។ ប៉ុន្តែលើកនេះ មិនច្បាស់ថា វេណេស៊ុយអេឡា បានចល័តយន្តហោះចម្បាំងទៀតដែរឬអត់ទេ។
សហរដ្ឋអាមេរិក បានរក្សាជំហរថា យន្តហោះទាំងអស់របស់ខ្លួន គឺធ្វើប្រតិបត្តិការនៅក្នុងដែនអាកាសអន្តរជាតិជានិច្ច។ ប៉ុន្តែបើតាមទីក្រុងការ៉ាកាស់ សរុបតាំងពីដើមឆ្នាំ២០១៩រហូតមកទល់ពេលនេះ យន្តហោះអាមេរិកបានបំពានដែនអាកាស របស់វេណេស៊ុយអេឡាយ៉ាងហោចណាស់៧៨លើក៕