នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ១៩៥៨ ប្រធានាធិបតីអាមេរិក លោក Dwight D. Eisenhower បានចុះហត្ថលេខាលើច្បាប់ស្តីពីអវកាសជាតិ «National Aeronautics and Space Act» ដែលបង្កើតអង្គការណាសា (NASA)។ អង្គការណាសា ត្រូវបានដំណើរការជាផ្លូវការនៅថ្ងៃទី១ ខែតុលា ឆ្នាំ១៩៥៨។
ការបង្កើតអង្គការនេះ ក្រោយពេលសហភាពសូវៀត (បច្ចុប្បន្ន រុស្ស៊ី) បានបាញ់បង្ហោះផ្កាយរណបទី១របស់ខ្លួនដោយជោគជ័យដែលមានឈ្មោះថា «Sputnik» ទៅកាន់គន្លងផែនដី នៅខែតុលា ឆ្នាំ១៩៥៧ ក្នុងអំឡុងសង្គ្រាមត្រជាក់។
យានអវកាសទី១ របស់អង្គការណាសា ឈ្មោះ «Pioneer 1» ទម្ងន់ ៣៨គីឡូក្រាមត្រូវបានបាញ់បង្ហោះនៅថ្ងៃទី១១ ខែតុលា ឆ្នាំ១៩៥៨។ យាននេះ មានបេសកកម្មវាស់វាស់វិទ្យុសកម្មលោកធាតុ (cosmic radiation) ដែលស្ថិតនៅចន្លោះផែនដី និងព្រះចន្ទ ដើម្បីស្វែងរកព័ត៌មានបន្ថែមអំពីភពព្រះចន្ទ៕