អ្នកស្រាវជ្រាវផ្នែកសុវត្ថិភាពរបស់ Google បានរកឃើញចន្លោះប្រហោងចំនួន ៦ នៅលើកម្មវិធី iMessage នៃ iOS ដែលអាចឲ្យរូបគេចូលលុកលុយទូរសព្ទអ្នកប្រើបាន ដោយមិនបាច់ប៉ះពាល់ទូរសព្ទនោះ។
ប៉ុន្តែជាសំណាងល្អនោះ មានចន្លោះប្រហោងចំនួន ៥ បានជួសជុលរួចនៅលើការអាប់ដេត iOS 12.4។ ចន្លោះប្រហោងចំនួន ៤ តម្រូវឲ្យអ្នកវាយប្រហារ ផ្ញើកូដដំណើរការនៅលើ iMessage ហើយពេលជនរងគ្រោះបើកសារ កូដនឹងចាប់ផ្ដើមដំណើរការ។ ចន្លោះប្រហោងចំនួនពីរទៀត គឺទាក់ទងនឹងការវាយប្រហារលើមេមូរី។
ចន្លោះប្រហោងប្រភេទនេះត្រូវបានគេចាត់ចូលជាប្រភេទ “Interactionless” ដែលវាមានតម្រូវការខ្ពស់សម្រាប់ Hacker ហើយអ្នកដែលរកឃើញចន្លោះប្រហោងបែបនេះអាចដាក់លក់វាលើផ្សារងងឹតក្នុងតម្លៃខ្ពស់ដល់ ៥ លានដុល្លារ។
គួរដឹងដែរថាចន្លោះប្រហោងមួយ មិនត្រូវបានអ្នកស្រាវជ្រាវខាងលើបង្ហាញឲ្យដឹងនោះទេ ដោយរង់ចាំឲ្យ Apple បញ្ចេញកំណែទម្រង់ជួសជុលបញ្ហានេះជាមុនសិន៕