ជាយូរមកហើយ Apple ត្រូវបានគេដឹងថាជាក្រុមហ៊ុនដែលមានសាច់ប្រាក់សុទ្ធច្រើនជាងគេក្នុងលោក ប៉ុន្តែរបាយការណ៍ទើបចេញផ្សាយថ្មីបញ្ជាក់ថាមិនមែនជាម្ចាស់តំណែងកំពូលនេះទៀតនោះទេ។
សារព័ត៌មានសេដ្ឋកិច្ច Financial Times បានចុះផ្សាយថា តំណែងកំពូលដែល Apple កាន់កាប់អស់រាប់សិបឆ្នាំនោះ ត្រូវក្រុមហ៊ុន Alphabet ដែលក្រុមហ៊ុនមេរបស់ Google ដណ្ដើមយកបាន។ នេះបើផ្អែកតាមតួលេខដែលបានបញ្ចេញកាលពីថ្មីៗនេះ។
សាច់ប្រាក់របស់ Apple នាបច្ចុប្បន្ននេះបានធ្លាក់ចុះមកនៅ ១០២ ពាន់លានដុល្លារ ធ្លាក់ចុះពីចំណុចកំពូល ១៦៣ ពាន់លានដុល្លារកាលពីចុងឆ្នាំ ២០១៧។ ដោយឡែកសាច់ប្រាក់របស់ Alphabet មានទិសដៅផ្ទុយពីនេះ ដោយក្នុងរយៈពេលដូចគ្នាជាមួយ Apple សាច់ប្រាក់របស់ Alphabet បានកើនឡើង ២០ ពាន់លានដុល្លារ ពោលមានចំនួន ១១៧ ពាន់លានដុល្លារ។
គួរដឹងថា Apple បានចំណាយទឹកប្រាក់រាប់ពាន់លានដុល្លារដើម្បីទិញយកភាគហ៊ុនមកវិញ ដោយនៅត្រីមាសចុងក្រោយនេះបានចំណាយអស់ ១៧ ពាន់លានដុល្លារឯណោះ។ ហេតុនេះមិនប្លែកទេដែលសាច់ប្រាក់របស់ Apple មានការថយចុះបែបនេះ៕









