Facebook មានគម្រោងធ្វើឲ្យគ្រប់គ្នាបានដឹងកាន់តែច្បាស់ នូវភាពជាម្ចាស់លើ Instagram និង WhatsApp របស់ខ្លួន។
ទាំងបណ្ដាញ Instagram និង WhatsApp នឹងត្រូវបន្ថែមនូវពាក្យថ្មីថា “from Facebook” នៅពីក្រោយឈ្មោះដើម ដែលនឹងត្រូវបង្ហាញលើ App Store, Play Store និងផ្ទាំង Log In ចូលកម្មវិធីផងដែរ។ ធ្វើដូចនេះឲ្យគេបានដឹងបានច្បាស់ថា Facebook ជាអ្នកកាន់កាប់សេវាកម្មទាំងពីរ។ ការផ្លាស់ប្ដូរនេះចាប់ផ្ដើមបញ្ចេញដល់អ្នកប្រើប្រាស់បណ្ដើរៗហើយ។
ត្បិតថា Facebook បានទិញយក WhatsApp តាំងពីឆ្នាំ ២០១៤ ប៉ុន្តែតាមការស្ទង់មតិកាលពីថ្មីៗនេះសន្និដ្ឋានថាពាក់កណ្ដាលនៃអ្នកប្រើប្រាស់ WhatsApp ទាំងអស់ មិនដឹងថាកម្មវិធីនេះកាន់កាប់ដោយ Facebook នោះទេ៕









