កំណែរចនាបថថ្មីបែប Material Design សម្រាប់កម្មវិធី Google Play Store គឺតម្រូវឲ្យយើងរង់ចាំ រៀងយូរណាស់មកហើយ ដោយដំបូងមកត្រូវបាន អ្នកប្រើប្រាស់ប្រទះឃើញ កាលពីខែមេសាឆ្នាំ 2019 និងចាប់ផ្ដើមចេញជាសាធារណៈ នៅជិតចុងខែឧសភា ប៉ុន្ដែមិនដឹងមូលហេតុអ្វីឡើយ Google ក៏បានសម្រេចចិត្តថា ត្រូវដកចេញវិញផងដែរ។ បើទោះបីជាយ៉ាងណា នាពេលថ្មីៗនេះ Google ហាក់បីដូចជា បានដាក់បញ្ចេញរូបរាងថ្មី នៃ Play Store សាជាថ្មីម្ដងទៀតហើយ។
ចាប់ផ្ដើមតាំងពីថ្ងែទី 1 ខែសីហាឆ្នាំ 2019 អ្នកប្រើប្រាស់ស្មាតហ្វូន Android ទូទាំងពិភពលោក បានប្រទះឃើញថា Google Play Store របស់ពួកគេ កែប្រែទៅ Material Design ដោយស្វ័យប្រវត្តិតែម្ដង។ យើងទទួលបានដំណឹងមកថា ការផ្លាស់ប្ដូរការឌីហ្សាញថ្មីនេះ គឺមាននៅលើកម្មវិធី Google Play Store ជំនាន់ទី v15.8.23 ប៉ុន្ដែអ្នកប្រើមួយចំនួនទៀត បានរបាយការណ៍មកថា ពួកគេបានឡើងដល់ ជំនាន់ទី v16.0.15 រួចស្រេចទៅហើយ ក៏នៅតែមិនឃើញមាន ការឌីហ្សាញថ្មីនេះដែរ។ ហេតុដូច្នេះហើយ យើងកំពុងសង្ឃឹមថា Google គួរតែប្រញាប់បញ្ចេញ ឲ្យបានកាន់តែធំទូលាយ នាពេលឆាប់ៗ ខាងមុខនេះ។
ប្រសិនបើផ្នែកឌីហ្សាញវិញ យើងអាចឃើញបានថា Google Play Store (Material Design Theme) គឺពេញលេញដោយពណ៌ស ដោយបានកាត់បន្ថយ ពណ៌បៃតងចេញពីផ្ទាំង កម្មវិធីនិងហ្គេម (Apps & Games), ពណ៌ក្រហមចេញពីផ្ទាំង ភាពយន្ដនិងទូរទស្សន៍ (Movies & TV) និងពណ៌ខៀវចេញពីផ្ទាំង សៀវភៅ (Books) ថែមទៀតផង។ ក្រៅពីនេះទៅទៀត ការកែប្រែថ្មីចុងក្រោយនេះ គឺត្រូវបានផ្លាស់ប្ដូរទីតាំង របានៃផ្នែកនីមួយៗ ចេញពីរបាខាងលើ មកដាក់នៅខាងក្រោមវិញ ដើម្បីមានភាពងាយស្រួល ចុចជាងមុនផងដែរ។
គួរឲ្យសោកស្ដាយ ទោះបីជាលោកអ្នក ព្យាយាមទាញយក APK ពីគេហទំព័រខាងក្រៅ មកដំឡើងដោយខ្លួនឯង ក៏ការឌីហ្សាញថ្មីបែប Material Design មិនអាចបង្ហាញនៅលើ Google Play Store របស់លោកអ្នកបានដែរ ដូច្នេះមានតែរង់ចាំប៉ុណ្ណោះ ព្រោះវាជាវិធីសាស្រ្តតែមួយគត់ ដែលយើងអាចធ្វើបាននៅពេលនេះ។
