ប្រទេសចិន គឺជាប្រទេសមួយ ក្នុងចំណាមប្រទេសមួយចំនួនទៀត ដែលនិយមចូលចិត្តប្រើប្រាស់ ការបង់ប្រាក់តាមរយៈស្មាតហ្វូន ដោយអាចដំណើរការ បានងាយស្រួលច្រើនជាង ការប្រើក្រដាសប្រាក់ ថែមទៀតផង។ ជម្រើសដ៏ពេញនិយមជាងគេ គឺការបងប្រាក់ដោយស្កេន QR Code ដោយគ្រាន់តែតម្រូវឲ្យ ប្រើប្រាស់យកស្មាតហ្វូនទៅថត ឬស្កេនរួចជាការស្រេច។ បើទោះជាយ៉ាងណា មួយរយៈពេលក្រោយនេះ ប្រជាជនចិនជាច្រើន បានផ្លាស់ប្ដូរទៅប្រព័ន្ធថ្មី ដ៏ទំនើបផ្សេងទៀតហើយ ដែលអនុញ្ញាតឲ្យបង់ប្រាក់ ដោយគ្រាន់តែធ្វើការ ស្កេនមុខតែប៉ុណ្ណោះ។
នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចិន Ant Financials (Alibaba) និង WeChat (Tencent) បានចាប់ផ្ដើមបើកដំណើរការ ដាក់ឲ្យប្រើប្រាស់ហើយ ដោយបានរំពឹងទុកថា ទទួលបានសុវត្ថិភាពខ្ពស់ និងងាយស្រួលប្រើជាង បើប្រៀបធៀបទៅនឹង ការស្កេនតាមរយៈ QR Code កាលពីពេលមុនៗមក។ លើសពីនេះទៅទៀត ជម្រើសបង់ប្រាក់បែបថ្មីនេះ អាចជួយបង្កើនចំនួន អ្នកប្រើប្រាស់បានថែមទៀត ដោយជាពិសេសសម្រាប់ មនុស្យមិនចេះប្រើស្មាតហ្វូន ឬមនុស្យចាស់ជាដើម ដូច្នេះគ្រាន់តែស្កេនមុខ គឺអាចបង់ប្រាក់បានតែម្ដង។ កម្មវិធីបង់ប្រាក់ Alipay បានប្រកាសចេញមុខងារ ស្កេនផ្ទៃមុខដ៏ទំនើបនេះ កាលពីខែធ្នូឆ្នាំ 2018 និងត្រូវបានគេហៅថា “Smile to Pay” ហើយរហូតមកដល់ពេលនេះ 300 ទីក្រុង នៅប្រទេសចិន អាចធ្វើការស្វែងរកបាន ស្ទើរតែគ្រប់ហាងទាំងអស់។
ទិន្នន័យបានបង្ហាញថា អ្នកជ្រើសរើសយក បច្ចេកវិទ្យាបង់ប្រាក់ តាមរយៈស្មាតហ្វូន នៅក្នុងប្រទេសចិន គឺមានចំនួនសរុបដល់ទៅ 583 លាននាក់ឯណោះ ខណៈពេលដែលប្រជាជន 562 លាននាក់ដទៃទៀត នៅមិនទាន់មានអ៊ីនធឺណិតប្រើ ឬនៅតែចង់បន្ដចាយ ក្រដាសប្រាក់ដដែល។










