Samsung SDS ដែលជាផ្នែកអភិវឌ្ឍប្រព័ន្ធ (System Developer) មួយរបស់ក្រុមហ៊ុន Samsung Electronics មានគម្រោងនឹងទិញយកភាគហ៊ុន ២៥% ពី CMC ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាធំលំដាប់លេខ ២ នៅវៀតណាម ក្នុងទំហំទឹកប្រាក់ដែលមិនបង្ហាញ។
ការទិញយកនេះត្រូវបានប្រកាសកាលពីថ្ងៃទី ២៦ ខែកក្កដា ដែលគេប៉ាន់ស្មានថាវាមានតម្លៃប្រមាណ ៥០ ពាន់លានវ៉ុន (ប្រមាណ ៤១,១ លានដុល្លារ)។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានកូរ៉េខាងត្បូង។
ដោយឡែកប្រភពពី CMC បានប្រាប់ដល់សារព័ត៌មាន Nikkei Asian Review ថាការបណ្ដាក់ទុនរបស់ Samsung គឺមានទំហំទឹកប្រាក់មិនតិចជាង ៧៥០ ពាន់លានដុង (ប្រមាណ ៣២,៣ លានដុល្លារ) ឡើយ ដែលនេះបានក្លាយជាការបណ្ដាក់ទុនធំជាងគេបំផុតមួយលើក្រុមហ៊ុនបច្ចេកវិទ្យាវៀតណាម ពីសំណាក់ក្រុមហ៊ុនបរទេស។
ក្រុមហ៊ុនទាំងពីរនឹងធ្វើការជាមួយគ្នាលើផ្នែកមួយចំនួនរួមមាន Artificial Intelligence (AI), Internet of Things (IoT), Cloud Computing និង Information Security (សុវត្ថិភាពទិន្នន័យ)។ CMC នឹងប្រើប្រាស់ការបណ្ដាក់ទុនពី Samsung ដើម្បីពង្រីកមុខជំនួញរបស់ខ្លួននៅទូទាំងអាស៊ីអាគ្នេយ៍។
គួរដឹងថាក្រុមហ៊ុន CMC Technology Group ដែលមានមូលដ្ឋាននៅទីក្រុងហាណូយ ផ្ដោតសំខាន់លើដំណោះស្រាយខាងបច្ចេកវិទ្យា និងសេវាកម្មទាក់ទងនឹងទូរគមនាគមន៍។ នៅឆ្នាំ ២០១៨ ក្រុមហ៊ុននេះអាចរកចំណូលបាន ៦ ទ្រីលានដុង (ជិត ២៦០ លានដុល្លារ) ខណៈដែលលុយចំណេញមុនកាត់ពន្ធមានប្រមាណ ៣០០ ពាន់លានដុង (ប្រមាណជិត ១៣ លានដុល្លារ)៕