ថ្មីៗនេះក្រុមស្រាវជ្រាវសុវត្ថិភាពរបស់ Google ផ្ទាល់បានផ្សាយចេញរបាយការណ៍ថា មានទូរស័ព្ទAndroidរាប់សិនលានគ្រឿង ដែលចេញពីរោងចក្រផលិត និងដាក់លក់នៅតាមទីផ្សារនោះគឺមានមេរោគបង្កប់ខ្លួនមកជាស្រេចតែម្តង។
ជារៀងរាល់ដង យើងធ្លាប់តែលឺថាមានកម្មវិធីនៅក្នុង Playstore តែងមានបង្កប់មេរោគ តែនេះជាករណីមួយថ្មីចែសផ្សេងពីអ្វីដែលធ្លាប់លឺកន្លងមក។ វាអាចបង្ករគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ជាខ្លាំង នៅពេលដែលទូរសព្ទថ្មីរបស់ខ្លួនទើបនឹងបើកពីប្រអប់មក គឺមានបង្កប់មេរោគហើយជាស្រេច។ មេរោគបង្កប់ទាំងនោះវាអាចទាញយកមេរោគផ្សេងៗទៀតមកយ៉ាងស្ងៀមស្ងាត់ និងអាចធ្វើសកម្មភាពណាមួយនៅក្នុងទូរសព្ទដែលយើងស្មានមិនដល់។
មេរោគបង្កប់ទាំងនោះគឺភាគច្រើនចេញពីរោងចក្រដែលប្រើកូដដើមរបស់ AOSP (Android Open Source Project) នៅលើពពួកទូរស័ព្ទមានតម្លៃទាបប្រើប្រាស់សម្រាប់ទូរសព្ទរបស់ពួកគេ។ សម្រាប់ក្រុមហ៊ុនធំៗដូចជា Samsung ឬ Google នោះ គឺគ្មានបញ្ហានោះឡើយ វៀលែងតែ ម៉ាកទូរសព្ទមួយចំនួនដែលមិនស្គាល់ឈ្មោះ។ មានម៉ាកក្រុមហ៊ុនទូរសព្ទប្រមាណជា២០០ បានជាប់ឈ្មោះថា មានមេរោគបង្កប់នៅក្នុង Android របស់ខ្លួន។
សម្រាប់អ្នកប្រើប្រាស់បច្ចុប្បន្ន សូមមានការប្រុងប្រយ័ត្នខ្ពស់ពេលជ្រើសរើសទូរសព្ទមកប្រើប្រាស់ ត្រូវតែដឹងពីក្រុមហ៊ុនផលិតឲ្យបានច្បាស់លាស់ថា តើក្រុមហ៊ុនមានចេញកំណែសុវត្ថិភាព និង មានច្បាប់ការពារអ្នកប្រើប្រាស់ពេលមានបញ្ហាដែរឬអត់។









