Google បានចេញផ្សាយដំណឹងលើ Blog របស់ខ្លួនដែលបង្ហាញថាបានបិទគណនី YouTube ចំនួន ២១០ ដែលបង្ហោះវីដេអូទាក់ទងនឹងការធ្វើបាតុកម្មកំពុងកើតមានឡើងនៅហុងកុង។Google បានបញ្ជាក់ថាការសម្រេចចិត្តនេះគឺឈរលើហេតុផលដូចគ្នានឹងការប្រកាសរបស់ Facebook និង Twitter នាពេលកន្លងមកដែរ។ ទាំង Facebook នឹង Twitter បានប្រទះឃើញ និងផ្អាកដំណើរការគណនីដែលក្រុមហ៊ុនទាំងពីរជឿជាក់ថា វាត្រូវបានប្រតិបត្តិការដោយរដ្ឋាភិបាលចិន និងបង្កើតឡើងដើម្បីធ្វើឲ្យការបាតុកម្មនៅហុងកុងមានការថមថយ។ Twitter បានផ្អាកគណនីជិត ១ ០០០ ដែលមានទំនាក់ទំនងនឹងចិន ហើយ Facebook បានលុបទំព័រ, ក្រុម និងគណនីដែលចែករំលែកដំណឹងជំទាស់នូវការធ្វើបាតុកម្ម។
Shane Huntley មកពីក្រុមវិភាគលើការគំរាមកំហែងរបស់ Google បានបញ្ជាក់ថា ៖ “យើងបានរកឃើញនូវការប្រើ VPN និងវិធីសាស្ត្រដទៃទៀតដើម្បីលាក់បាំង នូវប្រភពគណនីទាំងនេះ និងសកម្មភាពដទៃទៀតដែលដែលជះឥទ្ធិពលដល់ប្រតិបត្តិការ”៕