Google បានសម្រេចចិត្តធ្វើការផ្លាស់ប្ដូរលើការឲ្យឈ្មោះជំនាន់នីមួយៗនៃប្រព័ន្ធប្រតិបត្តិការ Android ដោយប្ដូរពីការដាក់ឈ្មោះជានំ/បង្អែម មកជាលេខធម្មតាវិញ។ Android ជំនាន់ថ្មីដែលគេស្គាល់ថាជា “Android Q” នាពេលកន្លងមក នៅពេលនេះវាមានឈ្មោះផ្លូវការថា “Android 10” វិញ។
Sydney Thomashow អ្នកដឹកនាំខាងម៉ាក និងច្នៃប្រឌិត Android បានប្រាប់សារព័ត៌មានថា ហេតុផលនៃការប្ដូរឈ្មោះគឺដោយសារក្រុមហ៊ុនចង់ឲ្យម៉ាក Android មានគេស្គាល់ កាន់តែច្រើនលើពិភពលោក។ កន្លងមកទម្លាប់នៃការប្រើឈ្មោះបង្អែមសម្រាប់ជំនាន់ Android នីមួយៗដូចជា KitKat និង Nougat គឺមិនសូវមានគេស្គាល់លើទីផ្សារជាច្រើនក្នុងពិភពលោក។ ហេតុនេះទើបមានការសម្រេចចិត្តមកប្រើលេខជំនួសវិញ។
រំឭកថាចាប់តាំងពីខែមេសា ឆ្នាំ ២០០៩ មក Google បានយកឈ្មោះបង្អែមមកប្រើ ពោលចាប់ពី Android 1.5 ដែលមានឈ្មោះ Android Cupcake បន្តមកដល់ Android 9 Pie ចេញខែសីហា ឆ្នាំ ២០១៨៕
