អ្នកស្រាវជ្រាវផ្នែកសន្តិសុខ លោក Laxman Muthiyah បានទទួលប្រាក់រង្វាន់ ១០ ០០០ ដុល្លារ បន្ទាប់ពីរកឃើញនូវចន្លោះប្រហោងលើ Instagram ដែលអាចបង្កឲ្យមានការ Hack គណនីបានយ៉ាងងាយ។
នៅលើប្លុករបស់ខ្លួន Muthiyah ដែលជានិស្សិតបញ្ចប់ការសិក្សាផ្នែកវិស្វកម្មកុំព្យូទ័រនៅរដ្ឋ Andhra Pradesh ប្រទេសឥណ្ឌា បានពន្យល់ពីចន្លោះប្រហោងរបស់បណ្តាញសង្គម Instagram ដែលអាចបើកផ្លូវឲ្យ Hacker ធ្វើការបំបែកចូលគណនីរាប់ពាន់ត្រឹមប៉ុន្មាននាទី តាមរយៈការស្នើសុំកូដ Reset លើម៉ាស៊ីនមាន ID តែមួយ។
White Hat Hacker រូបនេះបានបញ្ជាក់ថា៖ “ក្រុមការងារផ្នែកសន្តិសុខរបស់ Facebook និង Instagram បានជួសជុលចន្លោះប្រហោងនោះរួចរាល់ហើយ ដោយពួកគេបានផ្តល់ប្រាក់រង្វាន់ ១០ ០០០ ដុល្លារមកខ្ញុំជាផ្នែកនៃកម្មវិធី Bounty Program”។
បញ្ជាក់ថាកាលពីមួយខែមុន Hacker ដដែលនេះ ក៏ទើបតែទទួលបានប្រាក់រង្វាន់ ៣០ ០០០ ដុល្លារផងដែរ ពីការស្រាវជ្រាវឃើញចន្លោះប្រហោងលេចឡើងស្រដៀងគ្នានៅលើ Instagram៕
