សូមប្រុងប្រយ័ត្ន ចំពោះការបង្ហាញថា អ្នកឈ្នះរង្វាន់ទូរស័ព្ទមួយគ្រឿង ដោយគ្រាន់តែចំណាយ ប្រាក់ ១ ដុល្លារប៉ុណ្ណោះ ដើម្បីទទួលបានទូរស័ព្ទនោះ។ នេះជាការបោកប្រាស់ទាំងស្រុង។ ប្រសិនបើអ្នកបានផ្តល់ព័ត៌មានសំខាន់ ដូចជា Visa Card, Credit Card ឬបង់ប្រាក់ ១ ដុល្លារដើម្បីទទួលបានទូរសព្ទនោះ អ្នកនឹងក្លាយជាជនរងគ្រោះដោយការបាត់បង់ប្រាក់ និងការផ្ដល់ព័ត៌មានសំខាន់ៗផ្ទាល់ខ្លួនឱ្យទៅជនឆបោក។
នាពេលថ្មីៗនេះមានការកើនឡើងយ៉ាងច្រើនអំពីសារបោកប្រាស់ (Scam) មួយប្រភេទ ដែលកំពុងរីករាលដាលចំពោះអ្នកប្រើប្រាស់អ៊ិនធឺណិតក្នុងប្រទេសកម្ពុជា។ សារបោកប្រាស់នោះនឹងបង្ហាញថា អ្នកថាឈ្នះរង្វាន់ទូរស័ព្ទមួយគ្រឿងដោយគ្រាន់តែចំណាយប្រាក់ ១ ដុល្លារប៉ុណ្ណោះដើម្បីទទួលបានទូរសព្ទ ដែលនេះជាការបោកប្រាស់ទាំងស្រុងហើយប្រសិនបើកអ្នកបានផ្តល់ព័ត៌មានសំខាន់ ដូចជា Visa Card, Credit Card ឬបង់ប្រាក់ ១ ដុល្លារដើម្បីទទួលបានទូរសព្ទនោះ អ្នកនឹងក្លាយជាជនរងគ្រោះដោយការបាត់បង់ប្រាក់ និងព័ត៌មានសំខាន់ផ្ទាល់ខ្លួនទៅឱ្យជនបោកប្រាស់។
សារប្រភេទនេះលោតឡើងនៅលើទូរស័ព្ទ ឬកុំព្យូទ័រនៅពេលអ្នកប្រើប្រាស់បើកវេបសាយ ឬចុចទៅលើតំណភ្ជាប់ដែលមិនមានប្រភពច្បាស់លាស់ណាមួយ ឬការចុចទៅលើពាណិជ្ជកម្មផ្សេងៗនៅលើបណ្ដាញសង្គមដែលបង្ហាញអំពីការផ្សព្វផ្សាយពាណិជ្ជកម្ម (ads)លក់ផលិតផលក្នុងតម្លៃថោក (១ ដុល្លារ) ឬត្រូវរង្វាន់ផ្សេងៗដោយគ្រាន់តែអ្នកបំពេញព័ត៌មានផ្ទាល់ខ្លួនជាដើម។ ដោយមានភ្ជាប់ជាមួយស្លាកសញ្ញា (Logo) របស់ក្រុមហ៊ុន ឬអង្គភាពល្បីៗណាមួយដែលអ្នកអាចនឹងស្គាល់។
ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ បានសូមឲ្យប្រជាពលរដ្ឋជៀសវាង និងមានការប្រុងប្រយ័ត្នខ្ពស់អំពីការផ្តល់ព័ត៌មានសំខាន់ទៅក្នុងវេបសាយណាមួយដែលគ្មានប្រភពច្បាស់លាស់។
ដើម្បីទទួលបានសុវត្ថិភាពបឋមមួយអ្នកគួរអនុវត្តន៍តាមឧត្តមានុវត្ត (best practice)៖
• សូមប្រើប្រាស់កម្មវិធីមានអាជ្ញាប័ណ្ណ និងអាប់ដេតឱ្យបានទៀងទាត់
• ប្រើប្រាស់កម្មវិធីកម្ចាត់មេរោគ ដោយអាប់ដេត និងស្កេនជាប្រចាំ
• កុំចុចទៅលើឯកសារ (attachment) ដែលអ្នកមិនស្គាល់ប្រភពច្បាស់លាស់
• កុំបើកវេបសាយ ឬតំណភ្ជាប់ ដែលអ្នកមិនស្គាល់ប្រភពច្បាស់លាស់
• ប្រើប្រាស់ពាក្យសំងាត់ដែលខ្លាំង (ចាប់ពី ៨ តួអក្សរឡើង ដោយគួបផ្សំជាមួយតួអក្សរលេខ និងនិមិត្តសញ្ញា)
• ប្រើប្រាស់ពាក្យសំងាត់ខុសៗគ្នា ចំពោះសេវាកម្មអនឡាញនីមួយៗ និងធ្វើការផ្លាស់ប្តូរជាប្រចាំ
• ធ្វើការថតចម្លងទុក (backup) ទិន្នន័យសំខាន់ឱ្យបានទៀងទាត់
