កាលពីខែកក្កដាកន្លងទៅ Instagram បានចាប់ផ្ដើមលាក់ចំនួន Like ពីការបង្ហោះរបស់អ្នកប្រើប្រាស់ក្នុងប្រទេសមួយចំនួន ដោយសារចង់ឲ្យ Follower ផ្ដោតលើរូបភាព/វីដេអូដែលគណនីមួយបានបង្ហោះ ជាជាងផ្ដោតលើចំនួន Like ដែលទទួលបាន។
ការផ្លាស់ប្ដូរមួយនេះទំនងជាទទួលបានការផ្ដល់មតិវិជ្ជមាន ហេតុនេះ Facebook អាចនឹងចាប់ផ្ដើមធ្វើការលាក់ចំនួន Like ពីការបង្ហោះដូចគ្នា។ ព័ត៌មាននេះគេទទួលបានពី Jane Wong អ្នកជំនាញខាងវិស្វករកម្មវិធី ដែលគេបានប្រទះឃើញកូដនេះនៅលើកម្មវិធី Facebook សម្រាប់ Android។
ការលាក់ចំនួន Like លើ Facebook មានដំណើរការស្រដៀងនឹងនៅលើ Instagram ដែរ ដោយមានតែអ្នកដែលបង្ហោះប៉ុណ្ណោះអាចមើលឃើញចំនួន Like សរុប ខណៈដែលអ្នកដទៃមើលឃើញត្រឹមឈ្មោះអ្នកដែលបានចុច Like ប៉ុណ្ណោះ។
Facebook បានបញ្ជាក់ថានឹងពិចារណាលើការលាក់ចំនួន Like នេះ ប៉ុន្តែមិនបានប្រាប់ថាមុខងារនេះនឹងដាក់ប្រើនៅពេលណានោះឡើយ៕