Telegram នឹងបញ្ចេញកំណែទម្រង់ថ្មី ដែលផលិតឡើងក្នុងគោលបំណងការពារអត្តសញ្ញាណអ្នកធ្វើបាតុកម្មនៅហុងកុង ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀតនេះ។ នេះបើតាមការចុះផ្សាយរបស់ Reuters។
មុខងារថ្មីនឹងជួយលាក់បាំងលេខទូរសព្ទអ្នកប្រើប្រាស់ ដើម្បីទប់ស្កាត់មិនឲ្យសមត្ថកិច្ចដឹងអំពីអត្តសញ្ញាណអ្នកដែលស្ថិតនៅក្នុង Group បាតុកម្មហុងកុង។ បាតុករនៅហុងកុង បានប្រើប្រាស់ Telegram ដើម្បីចែករំលែកព័ត៌មានអំពីទីតាំងដែលពួកគេនឹងធ្វើបាតុកម្ម ចែករំលែកអំពីទីតាំងសម្រាប់ពួន និងឲ្យអ្នកដែលចូលរួមក្នុងបាតុកម្មបានដឹងអំពីអត្តសញ្ញាណប៉ូលិសបង្កប់ខ្លួន។
គួរដឹងថាក្រោយពីការបាតុកម្មបានចាប់ផ្ដើមកាលពីប៉ុន្មានខែមុន លោក Pavel Durov ស្ថាបនិក Telegram បានបង្ហាញថា Network របស់ខ្លួនបានក្លាយជាមុខសញ្ញានៃការវាយប្រហារ DDoS។ អាសយដ្ឋាន IP របស់អ្នកវាយប្រហារភាគច្រើនមានប្រភពចេញពីប្រទេសចិន។
គេជឿជាក់ថាសមត្ថកិច្ចបានប្រើប្រាស់វិធីសាស្ត្រផ្គូផ្គងលេខទូរសព្ទរបស់អ្នកនៅក្នុង Group បាតុកម្ម ជាមួយលេខទូរសព្ទដែលខ្លួនបង្ហោះចូលកម្មវិធី។ នៅពេលដែលកម្មវិធីមានលេខទូរសព្ទដែលស៊ីគ្នានឹងលេខទូរសព្ទអ្នកប្រើក្នុង Group បាតុកម្ម សមត្ថកិច្ចនឹងអាចស្នើសុំព័ត៌មានអំពីអត្តសញ្ញាណពិតរបស់លេខនោះ ពីក្រុមហ៊ុនផ្ដល់សេវាទូរសព្ទ។
មុខងារថ្មីដែលនឹងមានលើ Telegram នឹងអាចការពារអ្នកប្រើប្រាស់ ដោយអាចឲ្យពួកគេបិទចោលនូវការផ្គូផ្គងលេខទូរសព្ទ។ មុខងារនេះនឹងធ្វើឲ្យពិបាករកគ្នានៅលើ Telegram ប៉ុន្តែវាអាចមានតម្លៃសម្រាប់អ្នកចង់លាក់អត្តសញ្ញាណ៕