រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវគោកអាមេរិក ហៅកាត់ NHTSA មានគម្រោងថានឹងសាកល្បងមើលអំពីការប្រើប្រាស់កាមេរ៉ាជំនួសឲ្យកញ្ចក់មើលក្រោយ ដែលបច្ចេកវិទ្យានេះបានអនុញ្ញាតឲ្យប្រើនៅប្រទេសដទៃរួចមកហើយ។
គម្រោងការរបស់ NHTSA នឹងសិក្សានូវអត្តចរិតបើកបរ និងដំណើរការនៃការប្ដូរគន្លងផ្លូវ លើរថយន្តដែលប្រើកញ្ចក់មើលចំហៀងធម្មតា និងរថយន្តប្រើកាមេរ៉ា ហើយនឹងផ្ដល់ឱកាសឲ្យមហាជនបញ្ចេញមតិផងដែរ។
នៅខែមីនា ឆ្នាំ ២០១៤ សហគមន៍យានយន្តអាមេរិក ដែលមានតំណាងឲ្យក្រុមហ៊ុន General Motors, Volkswagen, Toyota និងក្រុមហ៊ុនផ្សេងទៀត រួមជាមួយក្រុមហ៊ុន Tesla បានដាក់ញត្តិឲ្យមានការប្រើប្រាស់ស្របច្បាប់នូវប្រព័ន្ធកាមេរ៉ាចំហៀងនេះ។ ញត្តិស្រដៀងគ្នានេះក៏ត្រូវបានដាក់ដោយក្រុមហ៊ុនDaimler នៅឆ្នាំ ២០១៥ ផងដែរ។ ញត្តិទាំងនេះនៅរង់ចាំការអនុញ្ញាតនៅឡើយ។ក្រុមហ៊ុនផលិតរថយន្តចាប់ផ្ដើមប្រើប្រាស់កាមេរ៉ា ជំនួសឲ្យកញ្ចក់ចំហៀងនៅលើទីផ្សារមួយចំនួន។តួយ៉ាង Toyota បានចាប់ផ្ដើមលក់ Lexus ES នៅជប៉ុនកាលឆ្នាំមុន ជាមួយកាមេរ៉ាមើលចំហៀង រួចមកក៏មានក្រុមហ៊ុន Volkswagen ដែលចេញរថយន្ត Audi E-Tron គ្មានកញ្ចក់មើលចំហៀង នៅអឺរ៉ុប កាលពីធ្នូ។ រថយន្តទាំងពីរនេះដាក់លក់នៅអាមេរិក ដោយមានតែប្រភេទប្រើកញ្ចក់មើលចំហៀងប៉ុណ្ណោះ៕
