មហាសេដ្ឋី​ចិន Jack Ma​ចុះ​ចេញ​ពី​តំណែង​ជា​ប្រធាន​ក្រុមហ៊ុន Alibaba ជា​ផ្លូវ​ការ

0

មហាសេដ្ឋី​ចិន Jack Ma ដែល​ជា​អ្នក​ត្រួសត្រាយ​ផ្លូវ​ដល់​សេវាកម្ម​លក់​ទំនិញ​អនឡាយ​ក្នុង​ប្រទេស​ចិន បាន​​ចុះ​ចេញ​ពី​តំណែង​ជា​ប្រធាន​ក្រុមហ៊ុន Alibaba ជា​ផ្លូវ​ការ នៅ​ថ្ងៃ​អង្គារ​ទី ១០ នេះ។ លោក​បាន​អបអរ​សាទរ​ការ​ចូល​និវត្តន៍​របស់​ខ្លួន​នៅ​កីឡដ្ឋាន​មួយ​ក្នុង​ស្រុក​កំណើត​របស់​ខ្លួន។

ក្រោយ​ចំណាយ​ពេល ២ ទសវត្ស​សាង​ Alibaba ឲ្យ​ទៅ​ជា​ជំនួញ​តម្លៃ ៤៦០ ពាន់​លាន​ដុល្លារ ពេល​នេះ​លោក Jack Ma បាន​ក្លាយ​ជា​អ្នក​ស្នេហា​ជាតិ​ពេញ​ម៉ោង​វិញ​ម្ដង។ តាម​ការ​លើក​ឡើង​ក្នុង​កម្មវិធី Alibaba កាល​ពី​ខែ​កញ្ញា​ឆ្នាំ​ទៅ លោក​មហាសេដ្ឋី​លើក​ឡើង​ថា ៖ “មុន​ពេល​​ខ្ញុំ​មាន​អាយុ ៧០ ឆ្នាំ ខ្ញុំ​អាច​ធ្វើ​រឿង​មួយ​ចំនួន​ក្នុង​ផ្នែក​ផ្សេង ក្នុង​វិស័យ​អប់រំ​ជា​ដើម​”។

​Jack Ma បាន​ប្រកាស​ពី​គោល​បំណង​លា​លែង​នេះ​តាំង​ពី​មួយ​ឆ្នាំ​មុន។ ទោះ​បី​ជា​ដើរ​ចេញ​ពី​តំណែង​ជាន់​ខ្ពស់​នៅ​ Alibaba ប៉ុន្តែ​រំពឹង​ថា​លោក​នឹង​បន្ត​​មើល​ថែ​អនាគត​ក្រុមហ៊ុន​តាម​រយៈ​ ការ​ធ្វើ​ជា​សមាជិក​ពេញ​មួយ​ជីវិត​ជា​មួយ Alibaba Partnership ដែល​មាន​សមាជិក ៣៦ នាក់។ លោក​ក៏​នឹង​អាច​ទទួល​បាន​ភាគហ៊ុន ៦,២២% នៃ Alibaba ផង​ដែរ។

​គួរ​ដឹង​ថា​លោក Jack Ma ធ្លាប់​ជា​គ្រូ​បង្រៀន​ភាសា​អង់គ្លេស​ម្នាក់ ហើយ​តែង​តែ​និយាយ​អំពី​​ចំណង់​​ចំណូល​ចិត្ត​របស់​ខ្លួន​ទាក់ទង​នឹង​ការ​អប់​រំ។ នៅ​ថ្ងៃ​ដែល​លោក Jack Ma ជ្រើស​រើស​សម្រាប់​ការ​លា​លែង​ជា​ផ្លូវ​ការ ពោល​ថ្ងៃ​ទី ១០ ខែ​កញ្ញា គឺ​ជា​ទិវា​គ្រូ​បង្រៀន​នៅ​ប្រទេស​ចិន ហើយ​ក៏​ជា​ថ្ងៃ​ខួប​កំណើត​គម្រប់​វ័យ ៥៥ ឆ្នាំ​របស់​លោក​ផង​ដែរ ដែល​វា​​អាច​មាន​បង្កប់​សារ​មួយ​ចំនួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here